(ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ កូវីសែល (Covishield) ចំនួន ១២៥,០០០ដូសបន្ថែមទៀត ដែលជំនួយរបស់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា នឹងដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២ស្អែកនេះ។

វ៉ាក់សាំង ១២៥,០០០ដូស ដែលដឹកមកដល់ថ្ងៃស្អែកនេះ គឺជាចំនួនបង្គ្រប់នៃជំនួយវ៉ាក់សាំងសរុប ៣២៥,០០០ដូស នៃជំនួយរបស់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា សម្រាប់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខណៈវ៉ាក់សាំងចំនួន ២០ម៉ឺនដូស ត្រូវបានដឹកមកដល់កាលពីថ្ងៃទី១១ ខែមេសា កន្លងទៅ។

បើទោះបីពេលបច្ចុប្បន្នស្ថានភាពនៃការរាតត្បាតនៅកម្ពុជា មានសភាពធូរស្រាលយ៉ាងណាក្តី តែវ៉ាក់សាំងនៅតែជាតម្រូវការចាំបាច់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាក់ជូនប្រជាពលរដ្ឋ។ ជាពិសេសការចាក់ដូសជំរុញ ដើម្បីបង្កើនកិច្ចការពារសុខភាពជូនប្រជាពលរដ្ឋពីការវាយប្រហារនៃមេរោគកូវីដ១៩។

លោកស្រីបណ្ឌិត ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ (H.E. Mrs. Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា ធ្លាប់បានលើកឡើងថា ការផ្តល់ជំនួយវ៉ាក់សាំង គឺជាការបង្ហាញពីស្មារតីនៃការជួយគ្នារវាងកម្ពុជា និងឥណ្ឌា ដែលជាប្រទេសមានចំណងទំនាក់ទំនងល្អជាមួយគ្នាដ៏យូរលង់មកហើយនោះ។ លោកស្រី បានបន្ថែមថា ឥណ្ឌា នឹងបន្តផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជានាពេលក្រោយបន្ថែមទៀត បើសិនកម្ពុជាត្រូវការ។

ក្នុងពិធីទទួលវ៉ាក់សាំងកាលពីថ្ងៃទី១២ ខែមេសា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនឥណ្ឌាសម្រាប់ការផ្តល់ជំនួយវ៉ាក់សាំងនេះ។ សម្តេចតេជោ បានរំលឹកដែរថា វត្តមានរបស់ឥណ្ឌា តាំងពីឆ្នាំ១៩៨១ ក្រោយការបិទបញ្ចប់របបខ្មែរក្រហម បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយស្តារសង្គម-សេដ្ឋកិច្ចកម្ពុជាឡើងវិញ តាមរយៈជំនួយមនុស្សធម៌, ការជួយគាំទ្រវិស័យពាណិជ្ជកម្ម និងវប្បធម៌ និងការផ្តល់កម្ចីហិរញ្ញប្បទានជាដើម ទាំងក្នុងក្រប-ខណ្ឌទ្វេរភាគី និងពហុភាគី។

សូមបញ្ជាក់ថា ជំងឺកូវីដ១៩ បានឆ្លងការរាតត្បាតខ្លាំងនៅក្នុងប្រទេសកម្ពុជានៅចុងឆ្នាំ២០២០ និងស្ទើរពេញមួយឆ្នាំ២០២២១។ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាអគ្គមេបញ្ជាការកំពូលលើសមរភូមិជំងឺកូវីដ១៩ បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ការពារអាយុជីវិតប្រជាពលរដ្ឋ។ ទន្ទឹមនឹងការអនុវត្តតាមវិធានសុខាភិបាល សម្តេចតេជោ ហ៊ុន សែន បានសម្រេចជ្រើសរើសការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាយុទ្ធសាស្ត្រចម្បងសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

តាមរយៈកិច្ចប្រឹងប្រែងទាំងការរកវ៉ាក់សាំង និងជំរុញការចាក់វ៉ាក់សាំង ធ្វើឱ្យកម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងក្នុងល្បឿនមួយយ៉ាងលឿនបំផុតឈានដល់ការសម្រេចតាមគោលដៅត្រឹមរយៈពេល៨ខែប៉ុណ្ណោះ។

ក្រោមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់សម្តេចតេជោ ជាមួយការប្រតិបត្តិដ៏រហ័សរហួនរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នោះ មកដល់ពេលនេះកម្ពុជា សម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចាប់ពីអាយុ ៣ឆ្នាំឡើង បានជិត ៩៣ភាគរយ ធៀបនឹងចំនួនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ គិតត្រឹមថ្ងៃទី១២ ខែមេសា កម្ពុជា ចាក់ដូសទី១ បានចំនួនជិត ១៥លាននាក់, ដូសទី២ បានជាង ១៤លាននាក់, ដូសទី៣ បានជាង ៨លាននាក់, ដូសទី៤ បានជាង ១លាននាក់។

ការសម្រេចបានផែនការចាក់វ៉ាក់សាំង បានចំនួនច្រើនក្នុងល្បឿនដ៏លឿននេះ ក៏ដោយសារកម្ពុជារកបានវ៉ាក់សាំងក្នុងល្បឿនមួយដ៏លឿនផងដែរ។ មកដល់ពេលនេះកម្ពុជា ទទួលបានវ៉ាក់សាំងសរុបជិត ៥០លានដូស ហើយនៅសល់ក្នុងស្តុកជិត ៩លានទៀត។

តាមរយៈការសម្រេចបាននូវផែនការចាក់វ៉ាក់សាំងដ៏លឿនជូនប្រជាពលរដ្ឋនេះ បានធ្វើឱ្យកម្ពុជាយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩ និងការពារបានខ្ពស់នូវអត្រាស្លាប់របស់ប្រជាពលរដ្ឋដោយសារជំងឺកូវីដ១៩ ហើយបានឈានដល់ការបើកដំណើរការសកម្មភាពសង្គមពេញលេញឡើងវិញ។

លទ្ធផលនៃការយកឈ្នះលើជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតឱ្យប្រជាពលរដ្ឋជួបជុំ និងការលេងកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ រាជរដ្ឋាភិបាល ក៏បានសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅក្នុងខេត្តចំនួន៤រួមមាន៖ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងព្រះវិហារ។

លទ្ធផលទាំងនេះ បាននាំឱ្យមានការកោតសរសើរយ៉ាងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ចំពោះការចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាកិច្ចសហការទាំងឡាយរបស់អាជ្ញាធរ និងការចូលរួមរបស់ប្រជាពលរដ្ឋ។

កម្ពុជា ក៏ទើបត្រូវបានកាសែតជប៉ុន សិក្សារកឃើញថា ជាប្រទេសចំណាត់ថ្នាក់លេខ២លើពិភពលោក ដែលបានស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩ បានឆាប់រហ័ស។ ទន្ទឹមនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងក្នុងអត្រា ៥.៣ភាគរយ នៅឆ្នាំ២០២២ ហើយកើនឡើងក្នុងអត្រា ៦.៥ភាគរយ នៅឆ្នាំ២០២៣៕