(ភ្នំពេញ)៖ ឆ្នាំនេះនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេមរជនខ្មែរទាំងក្នុងនិងក្រៅព្រះនគរ មានសេចក្ដីអំណរសាទរយ៉ាងសប្បាយរីករាយទទួលទេវតាឆ្នាំថ្មី ឆ្នាំខាល ព្រះនាងកិរិណីទេវី ជាបុត្រីទី៥ របស់កុបិលមហាព្រហ្ម ទ្រង់គង់លើយានជំនិះគជសារ ព្រះហត្ថស្ដាំកាន់កង្វេរ និងព្រះហត្ថធ្វេងកាន់កំាភ្លើង។ ស្ថិតក្នុងព្រះហត្ថឆ្វេង កាន់ កាំភ្លើង នេះផងដែរ មានមហាជនខ្មែរមួយចំនួនហាក់ផ្ទុះនូវការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើព្រះហត្ថឆ្វេង កាន់កាំភ្លើង ដូចជានៅលើប្រព័ន្ធសារព័ត៌មាន ក៏ដូចជាបណ្ដាញសង្គម Facebook និង YouTube ជាដើម ដោយអ្នកខ្លះយល់ថាកាំភ្លើង ជាការសំដៅកាំភ្លើងសម័យទំនើប និងអ្នកខ្លះទៀតយល់ថា ជាប្រស្នាឲ្យគិត ឬយ៉ាងនេះយ៉ាងនោះជាដើម ។

តើទេវតាឆ្នាំខាល ព្រះនាមកិរិណីទេវី កាន់ «កាំភ្លើង» មានអត្ថន័យយ៉ាងណា ?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាបើពោលអំពីពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ព្រះនាមកិរិណីទេវី ព្រះហត្ថធ្វេងកាន់កាំភ្លើងដែលខេមរជនខ្មែរ ទាំងក្នុងនិងក្រៅព្រះនគរកំពុងតែមានសេចក្ដីអំណរសាទរយ៉ាងសប្បាយរីករាយនេះ យើងគួរយល់ថាពិធីបុណ្យចូលឆ្នាំថ្មី ជាពិធីបុណ្យប្រពៃណីជាតិផ្សារភ្ជាប់នឹងសាសនាដ៏ល្អផូរផង់របស់ខ្មែរយើង មានប្រវត្ដិតាំងពីព្រេងនាយមកម៉្លេះ ពោលគឺពុំមែនទើបតែចាប់កំណើតនាសម័យទំនើប ដែលមនុស្សបានរកឃើញនូវបច្ចេកវិជ្ជាកាំភ្លើង និងមានការវិវត្ដដូចយើងឃើញសព្វថ្ងៃនេះទេ។

ហេតុនេះចំំពោះទេវតាឆ្នាំថ្មី ឆ្នាំខាល ព្រះនាមកិរិណីទេវី ជាបុត្រីទី៥ របស់កុបិលមហាព្រហ្ម ត្រូវនឹងថ្ងៃព្រហស្បតិ៍នេះ នៅក្នុងគម្ពីវេទ នៃព្រហ្មញ្ញសាសនា ជាទេវៈតំណាងឲ្យភពព្រះព្រហស្បតិ៍ ជាអាទិទេពទាក់ទងនឹងភ្លើង។

ដូចនេះ «កាំភ្លើង» ជាភាសាសំស្រ្ដឹត " វជ្រ ឬកាំភ្លើងវជ្រ" គឺជាកាំរស្មីនៃភ្លើង ឬដុំភ្លើង ឬកាំរន្ទះ ជាកេតនភណ្ឌនៃទេវតា មានទម្រង់អគ្គី ហៅថា «កាំភ្លើង» ដើម្បីឲ្យមានការប្រុងប្រយ័ត្នទៅ និងបាតុភូតធម្មជាតិ ដែលកើតឡើងពីការកើនទ្បើងនៃកំដៅ ខ្យល់ព្យុះ ទឹកជំនន់ រន្ទះបាញ់ តាមការទស្សន៍ទាយរបស់ក្បួន ហោរាសាស្រ្ដមហាសង្រ្កាន្ដ។

លោក រត្ន័ សណ្ដាប់ បន្ដថាបើពោលអំពីកំាភ្លើង នេះទៀតសោត យើងឃើញព្រះឥន្រ្ទក៏កាន់ ព្រះក្រឹស្នាក៏កាន់ ក្នុងព្រះពុទ្ធសាសនានិកាយវជ្រយាន ហៅថា «មហាយាន» ខ្មែរយើងគោរពនាសម័យមហានគរក៏កាន់ សព្វថ្ងៃនិកាយមហាយាននេះមាននៅទីបេត៍, នេប៉ាល់, កូរ៉េ និងជប៉ុន។

នៅក្នុងសិល្បៈខ្មែរសតវត្សទី១០និកាយវជ្រយាន ជាទេពប្រុស កាន់កេតនភណ្ឌដែលជាវជ្រវុធ មានទឹកមុខកាច រឹងមាំនិងមានជំហរប្រុងប្រៀបនឹងប្រយុទ្ធ ។ សព្វថ្ងៃទេពវជ្រវុធ ដែលចាស់ជាងគេមានប្រភពពីម្ដុំភ្នំត្រប់ ត្រូវបានបារំាង យកទៅរក្សាទុកនៅសារមន្ទីរហ្គីម៉េត៍ ទីក្រុងប៉ារីស។

ម្យ៉ាងទៀតក៏មានក្នុងសិល្បៈនៃចក្រភពរ៉ូម ជាទេវកថាក្រិក -រ៉ូមុំាង ដែលទេពហ៊ែរគុល Hercule បានសម្លាប់ Cacus ខណ: Cacus បានបាញ់ភ្លើង និងផ្សែង ដែលជាប្រវត្ដិសិល្បៈដ៏ពេញនិយមនៅលោកខាងលិច។

ស្ថិតត្រង់បរិការនេះ យើងអាចនិយាយបានថា «កំាភ្លើង» បើពោលទាំងផ្លូវធម៌និងផ្លូវលោក ជាអទិទេពមានមុខងារស្រោចស្រង់ផង និងបំផ្លាញផង ដូចសព្វថ្ងៃទាំងផ្លូវច្បាប់ជាតិ និងអន្ដរជាតិ បើស្ថិតក្នុងករណីបំផ្លាញដោយគ្រោះខ្យល់ព្យុះ ទឹកជំនន់ រញ្ជួយដី និងការកើនទ្បើងនៃកំដៅខ្លាំង ពីការបំរែបំរួលអាកាសធាតុ ជាកម្លាំងដ៏មានឥទ្ធិពលដែលមនុស្សមិនអាចទប់ទល់បានដែលបណ្ដាមកពីធម្មជាតិ គេចាត់ទុកថាជាករណីប្រធានសក្ដិ ឬក៏ជាដុំភ្លើង ឬកាំរន្ទះដែលក្ដៅបំផុតនៃអាវុធប្រល័យលោក ដែលមនុស្សជាតិនៅលើផែនដី កំពុងតែព្រួយបារម្ភនេះផងដែរ។

លោក រត្ន័ សណ្ដាប់ បញ្ជាក់ថា ដូចនេះចំពោះទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី ជាទេវតាតំណាងឲ្យ ភពព្រះព្រហស្បតិ៍ ជាទេពទាក់ទងនឹងភ្លើង តំណាងឲ្យថ្ងៃព្រហស្បតិ៍ ដែលជាថ្ងៃប្រចាំសប្ដាហ៍នៅលើផែនដី ដែលព្រះនាងមានមណ្ឌលនៅឋានសួគ៌ ឋានចតុមហារាជកា។

ទ្រង់គង់លើយានជំនិះគជសារ ក្នុងព្រះហត្ថស្ដំាកាន់កង្វេរ និងព្រះហត្ថធ្វេងកាន់កាំភ្លើង ដែលតែងតែយាងចុះមករក្សាដែនជម្ពូទ្វីប នៅពេលសង្ក្រាន្ដត្រូវនឹងថ្ងៃព្រហស្បតិ៍។
* អម្ពរពស្ត្រា ៖ សម្លៀកបំពាក់ពណ៌បៃតង
* លម្អព្រះកាណ៌ ៖ ត្រចៀក ដោយសៀតផ្កាមន្ទារ
* អាភរណៈ ៖ គ្រឿងអលង្ការត្បូង ប្រដាប់កាយ ទ្រង់ពាក់ កែវមរកត ត្បូងពណ៌បៃតង
* ភក្សាហារ ៖ សោយសណ្ដែក និងល្ង។

ដូច្នេះខេមរជនខ្មែរយើង ដែលមានអរិយធម៌ខ្ពង់ខ្ពស់ឧត្ដុង្គឧត្ដមក្នុងទ្វីបលោកតាំងពីព្រេងនាយមក ពុំគួរកុលបុត្រ កុលធីតាណាមួយបង្វែអត្ថន័យកាំភ្លើងហើយនាំគ្នា យកមកនិយាយលេងសើច ដែលនាំឲ្យប៉ះពាល់ដល់ទំនៀមទម្លាប់ ប្រពៃណីដ៏ថ្កើនថ្កានឧត្ដុង្គឧត្ដមដែលមានតាំងពីបុរាណរៀងមកនោះទេ៕