(ភ្នំពេញ)៖ យុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» ដែលធ្វើឡើងដោយក្រុមអង្គការសង្គមស៊ីវិលមួយចំនួននៅកម្ពុជា ដើម្បីតវ៉ាសុំឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុក និង អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានធ្វើឡើងតាមការគ្រោងទុកនាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦នេះ តែសកម្មភាពរបស់ពួកគេមិនបានសម្រេចតាមបំណងនោះឡើយ គ្រាដែលកំពុង ដង្ហែក្បួន ក៏ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដង្កោរារាំង និងឃាត់ខ្លួនមនុស្ស ៨នាក់ ក្នុងនោះមានជនបរទេសពីរនាក់ផងដែរ។

ដូចអ្វីដែលបានរៀបចំ និងប្រកាសនោះ ក្រុមមន្រ្តីអង្គការសង្គមស៊ីវិលប្រមាណជា ២០០នាក់ នៅព្រឹកថ្ងៃចន្ទ នេះ បាននាំគ្នាស្លៀកពាក់ខ្មៅ ហើយធ្វើដំណើរតាមម៉ូតូ ម៉ូតូកង់បី និង រថយន្តផងដែរ ដង្ហែក្បួនឆ្ពោះទៅកាន់ពន្ធនាគារព្រៃសទីដែលឃុំខ្លួនមន្រ្តី សិទ្ធិមនុស្សអាដហុក ៤នាក់ និង អគ្គលេខាធិការរង គ.ជ.ប ម្នាក់ ដែលត្រូវបានចាប់ និង ឃុំខ្លួន ដោយចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និង សមគំនិតសូកប៉ាន់សក្សី ក្នុងសំណុំរឿងអាស្រូវស្នេហ៍រវាង លោក កឹម សុខា និងស្រីមុំ។

ក្បួនដង្ហែរបស់ក្រុមអង្គសង្គមស៊ីវិល មិនបានសម្រេចនោះឡើយ ពោលនៅពេលពួកគេដង្ហែក្បួនតាមបណ្តោយផ្លូវចំការដូង ទៅដល់ទឹកដីខណ្ឌដង្កោ ក៏ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចធ្វើការរារាំង និងឃាត់ខ្លួនសកម្មជនសរុប ៨រូប ដែលក្នុងនោះជនបរទេស ដែលជាមន្រ្តីរបស់លីកាដូផងដែរ។

សកម្មជន ដែលត្រូវឃាត់ខ្លួននោះរួមមាន៖ ១៖ លោក អ៊ី សារ៉ុម នាយកប្រតិបត្តិអង្គការធាងត្នោត, ២៖ លោក ថាវ គឹមសាន មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ, ៣៖ អ្នកស្រី សរ ស៊ន តំណាងប្រជាពលរដ្ឋបុរីកីឡា, ៤៖ កញ្ញា ស៊ង ស្រីលាភ តំណាងប្រជាពលរដ្ឋ បឹងកក់, ៥៖ អ្នកស្រី គង់ ចន្ថា តំណាងប្រជាពលរដ្ឋ បឹងកក់ ៦៖ អ្នកស្រី ប៉ូវ សោភា តំណាងប្រជាពលរដ្ឋបឹងកក់ និងពីរនាក់ទៀត ជាជនបរទេស ដែលម្នាក់ជាជនជាតិអាល្លឺម៉ង់ និងម្នាក់ទៀតជាជនជាតិស៊ុយអែត។

ការចាប់ខ្លួនមន្រ្តីអង្គការសង្គមស៊ីវិល និង តំណាងសហគមន៍បឹងកក់ទាំង ៨រូប នាំឲ្យផ្ទុះនូវការតវ៉ាខ្លាំងពីក្រុមអ្នកដង្ហែក្បួន ដោយពួកគេបានឈរតវ៉ានៅមុខអធិការដ្ឋាននគរបាលខណ្ឌដង្កោក្នុងបំណងទាមទារឲ្យដោះលែងសកម្មជនទាំងអស់នោះ។ តែទោះជាយ៉ាងណា មកដល់ព្រលប់ថ្ងៃ០៩ ខែឧសភា ឆ្នាំ២០១៦ ជនដែលឃាត់ខ្លួនទាំង ៨នាក់ ត្រូវបានដោះលែងវិញហើយ។

សមត្ថកិច្ចបានឲ្យដឹងថា ការដោះលែងមន្រ្តីសង្គមស៊ីវិល និងតំណាងសហគមន៍បឹងកក់ ធ្វើឡើងបន្ទាប់ពីពួកគេបានទទួលស្គាល់នូវទោសកំហុស ព្រមទទួលយកការអប់រំ និងបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនៅចំពោះមុខសមត្ថកិច្ច។

ដោយឡែកជនបរទេសពីររូបគឺកញ្ញា Anna ជនជាតិស៊ុយអែត និង លោក Machias ជនជាតិអាល្លឺងម៉ង ត្រូវបានលោក អ៊ុក ហៃសីលា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រាប់ Fresh News ថា ត្រូវបានដោះលែងវិញហើយ បន្ទាប់ពីមានការបញ្ជាក់ថា ពួកគេមិនបានចូលរួមក្នុងការដង្ហែក្បួននោះឡើយ គឺគ្រាន់តែចូលរួមសង្កេតការណ៍ប៉ុណ្ណោះ និង មានការបញ្ជាក់ថា ពួកគេពិតជាមន្រ្តីរបស់អង្គការលីកាដូ។

លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេត នៃអង្គការលីកាដូ បានប្រាប់ Fresh News ថា ជនបរទេសទាំងពីរនាក់ គឺជាមន្រ្តីទីប្រឹក្សាផ្នែកច្បាប់របស់អង្គការលីកាដូ ហើយបានចុះកិច្ចកុងត្រាបម្រើការងារនៅលីកាដូចរយៈពេលមួយឆ្នាំ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅក្នុងរបាយការណ៍ជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ថា ការឃាត់ខ្លួន ដើម្បីអប់រំ ធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពទាំងនេះ។

ការធ្វើយុទ្ធនាការ ដែលបានដាក់ឈ្មោះថា «ថ្ងៃចន្ទពណ៌ខ្មៅ» មានការលើកឡើងផ្ទុយគ្នារវាងមន្រ្តីអង្គការសង្គមស៊ីវិល និងខាងរាជ រដ្ឋាភិបាល។ រាជរដ្ឋាភិបាល បានចាត់ទុកការធ្វើយុទ្ធនាការនេះថា ជាការធ្វើផ្ទុយពីច្បាប់ និង បានចាត់ទុកសកម្មភាពទាំងនេះ ជាការធ្វើបដិវត្តពណ៌ខ្មៅ តាមគំរូប្រទេសនៅមជ្ឈិមបូព៌ា។ ការចាត់ទុកបែបនេះ ក៏ដោយសារតែគេបានមើលឃើញថា ការធ្វើយុទ្ធនាការមានការចាត់តាំងច្បាស់លាស់មួយ ក្រោយពីមានជំនួបរវាងអង្គការសង្គមស៊ីវិល ជាមួយឯកអគ្គរដ្ឋទូតអាមេរិក លោក វីលៀម ហើស កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ។

សម្រាប់លោក អំ សំអាត វិញ បានថ្លែងថា សកម្មភាពទាំងអស់គ្រាន់តែជាសិទ្ធិសេរីភាពក្នុងការសម្តែងមតិរបស់ប្រជាពលរដ្ឋតាម បែបលទ្ធិប្រជាធិបតេយ្យតែប៉ុណ្ណោះ មិនមានចេតនាណាមួយក្នុងការធ្វើបដិវត្តន៍ពណ៌ ដូចការលើកឡើងរបស់រាជរដ្ឋាភិបាលនោះឡើយ។ លោក បន្តថា ការជ្រើសយកថ្ងៃចន្ទ ដើម្បីធ្វើយុទ្ធនាការនេះ ក៏ដោយសារតែថ្ងៃចន្ទ គឺជាថ្ងៃ ដែលមន្រ្តីសិទ្ធិមនុស្សអាដហុក និងមន្រ្តី គ.ជ.ប ត្រូវបានតុលាការសម្រេចឲ្យឃុំខ្លួន៕