(ភ្នំពេញ)៖ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេង សម្ដេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តជាព្រះរាជាធិបតីភាពក្នុងពិធីប្រគេន ព្រះរាជប្រកាសនីយបត្រតែងតាំងព្រះសុខាចារ្យ ណំ សុភ័ក្រ្តា ឡើងទីជាព្រះគ្រូវិរិយធម្មគុត្ត ព្រះអនុគណស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ពិធីប្រគេនប្រគល់ព្រះរាជប្រកាសនីយបត្រតែងតាំងនេះបានធ្វើឡើងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ដោយមានការនិមន្តចូលរួមពីព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថា បារមី ព្រះមេគណខេត្តកំពង់ធំ, ព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះគ្រូធម្មានុវឌ្ឍន៍ព្រះអនុគណ ស្រុករលាប្អៀរ, ព្រះសិរីមង្គលមុនី ម៉ុច សៅលី ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះលេខាកោសល វុន ចាន់ថារី ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេត្តាភិរ័ក្ខរង្សា រ៉ាយ ចាន់ហាក់ ព្រះរាជាគណៈថ្នាក់កិត្តិយស និងព្រះសង្ឃ ជាសិស្សគុណ រួមទាំងលោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ។

ក្នុងឱកាសទិវាមហានក្ខត្តប្ញក្ស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ខិតជិតឈានចូលមកដល់នាថ្ងៃខាងមុខនេះ ព្រះសុខាចារ្យ ណំ សុភ័ក្រ្តា បានបួងសួងទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី ទ្រង់ប្រោសប្រទាន ប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គល មហាប្រសើរ វិបុលសុខប្រគេន-ថ្វាយចំពោះសម្តេច ព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លឹមហេង សូមមានព្រះសុខុមាលភាពល្អបរិបូណ៌ ព្រះជន្មាទីយាយុ យឺនយូរ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ និងទទួលបាននូវ មង្គលពរ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕