(កណ្ដាល)៖ សង្ក្រាន្តខេត្តកណ្ដាលនឹងចាប់ផ្ដើមបើកឱ្យចូលកម្សាន្តចាប់ពីថ្ងៃស្អែកនេះ ក្នុងនោះអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមកចូលរួមទស្សនាកម្សាន្តសប្បាយក្នុងឱកាសពិធីសង្រ្កានខេត្តកណ្ដាល ត្រូវប្រកាន់ខ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាល និងត្រូវពាក់ម៉ាស់ឱ្យបានគ្រប់ៗគ្នា។

លោកអភិបាលខេត្តបានថ្លែងយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ រៀបចំពិធីបុណ្យសង្រ្កាន្ត សង្ក្រាន្តខេត្តកណ្តាល ដើម្បីទទួលទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ។

លោកអភិបាលខេត្តបន្តថា រដ្ឋបាលខេត្តកណ្ដាលបានរៀបចំរួចជាស្រេចនូវព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្ដាល ដែលមានកម្មវិធីកម្សាន្តសប្បាយជាច្រើន រួមមានការតាំងពិព័ណ៌ផលិតផលក្នុងស្រុក ការប្រគុំតន្ត្រីសម័យដោយមានការចូលរួមដោយតារាល្បីជាច្រើន រួមមាន លោក ខេមរៈ សិរីមន្ត, លោក ខេម, កញ្ញា តន់ ច័ន្ទស៊ីមា ,លោក ដួង វីរៈសិទ្ធ និងតារាល្បីៗជាច្រើនរូបទៀត។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តកណ្ដាលបានរៀបចំការលេងល្បែងប្រជាប្រិយ សួនកម្សាន្ត រូបខ្លា និងការតុបតែងអមទៅដោយភ្លើងពណ៌ជាច្រើន ដែលបានធ្វើឱ្យមិត្តភាពនៅក្នុងក្រុងតាខ្មៅមានភាពទាក់ទាញជូនភ្ញៀវជាតិ-អន្តរជាតិមកចូលរួមទស្សនាកម្សាន្ត នាថ្ងៃទី១៤-១៤-១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះផងដែរ។

លោកអភិបាលខេត្តក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរពាក់ព័ន្ធ ត្រូវធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ទាំងភ្ញៀវជាតិ-អន្តរជាតិ ដែលមកទស្សនាកម្សាន្តសប្បាយរីករាយក្នុងឱកាសពិធីបុណ្យសង្ក្រាន្តខេត្តកណ្ដាល ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល ពិសេសត្រូវពាក់ម៉ាស់ឱ្យបានគ្រប់គ្នា ដើម្បីរួមគ្នាបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ធ្វើយ៉ាងណាបន្ទាប់ពីបញ្ចប់នៅព្រឹត្តិការណ៍សង្ក្រាន្តនេះ កុំឱ្យមានប្រជាពលរដ្ឋមានការឆ្លងរីករាលដាលដោយជំងឺកូវីដ១៩ឡើយ៕