(សៀមរាប)៖ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ បានចូលរួមពិធីបើកព្រឹត្តិការណ៍សៀមរាបសង្រ្កាន ឆ្នាំ២០២២ នៅបរិវេណប្រាសាទចៅសាយទេវតា នៃរមណីយដ្ឋានអង្គរ។

ព្រឹត្តិការណ៍សៀមរាបសង្រ្កាន្តនេះនឹងរៀបចំរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២២។ កម្មវិធីបែបសាសនា និងកម្មវិធីកម្សាន្តសប្បាយជាច្រើន ត្រូវបានរៀបចំក្នុងព្រឹត្តិការណ៍នេះ ក្នុងនោះភូមិសង្រ្កាន្តរៀបចំធ្វើនៅបរិវេណប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ។

សូមបញ្ជាក់ផងដែរថា កម្មវិធីនេះត្រូវបានរៀបចំនៅតាមទីតាំងចំនួន២៖

* ក្នុងក្រុងសៀមរាបមាន៖ កម្មវិធីជិះទូកកម្សាន្ត ពិព័រណ៍ម្ហូបអាហារ ផ្សារបណ្តែតទឹក តន្រ្តីស្គរដៃ ការសម្តែងសិល្បៈនៅលើផែទឹក ការប្រណាំងទូក ការប្រកួតកីឡាប្រដាល់ បណ្តែតគោម និងការប្រគុំតន្រ្តីខ្នាតយក្សបីកន្លែង និងការប្រកួតវាយកូនគោលសៀមរាបសង្ក្រាន្ត២០២២។

* ប្រាសាទចៅសាយទេវតាមានពិធីបួងសួងសុំសេចក្តីសុខ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីពូនភ្នំខ្សាច់ ភូមិខ្ញុំ លេងល្បែងប្រជាប្រិយ ល្ខោនបាសាក់ និងស្រង់ព្រះ៕