(ភ្នំពេញ)៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយលោកស្រី ម៉ក់ វណ្ណស៊ីថា តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ បានចុះសំណេះសំណាលនិងសាកសួរសុខទុក្ខ ព្រមទាំងឧបត្ថម្ភអំណោយ និងថវិកាមួយចំនួនដល់កងកម្លាំងប្រដាប់អាវុធក្នុងខណ្ឌមានជ័យសរុបចំនួន២៧២រូប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

កងកម្លាំងប្រដាប់អាវុធក្នុងខណ្ឌមានជ័យទាំង២៧២រូបនោះ រួមមាន កម្លាំងនគរបាលខណ្ឌ២០៧រូប និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ៦៥រូប។

លោក នួន ផារ័ត្ន បានពាំនាំប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់លោកអភិបាលរាជធានីភ្នំពេញ លោកអភិបាលរង និងសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បំពេញភារកិច្ចមិនខ្លាចនឿយហត់ ទាំងថ្ងៃ ទាំងយប់ ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩នាពេលកន្លងមក ស្របពេលជាមួយគ្នានឹងការថែរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន តាមរយៈការពង្រឹងការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល ជាពិសេសចូលរួមទប់ស្កាត់រាល់ការប៉ុនប៉ងធ្វើបដិវត្តពណ៌របស់មជ្ឈដ្ឋានអមិត្តក្នុងការផ្តួលរលំរដ្ឋាភិបាលស្របច្បាប់។

ដើម្បីជាការលើកទឹកចិត្ត និងសម្តែងនូវអំណរសាទរស្វាគមន៍ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានឧបត្ថម្ភជូនកងកម្លាំងប្រដាប់អាវុធក្នុងខណ្ឌមានជ័យទាំង២៧២រូប ក្នុងម្នាក់ៗទទួលបានអង្ករចំនួន១០គីឡូ, ថ្នាំចិនព្យាបាលជំងឺកូវីដ-១៩ចំនួន៣ប្រអប់, ស្ព្រាយបាញ់ការពារមេរោគចំនួន១ដប និងថវិកាចំនួន៥ម៉ឺនរៀល៕