(ភ្នំពេញ)៖ កម្ពុជា-បារាំង គ្រោងនឹងរៀបចំពិធីរំលឹកខួបព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត នៃទំនាក់ទំនងប្រទេសទាំងពីរនៅក្នុងឆ្នាំ២០១៦ ដើម្បីពង្រីកពង្រឹងទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។

ព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត នៃទំនាក់ទំនងកម្ពុជា-បារាំង ដែលគ្រោងនឹងរៀបចំឡើងនេះរួមមាន៖ ខួបលើកទី ៥០ឆ្នាំ នៃដំណើរទស្សនកិច្ចនៅកម្ពុជា របស់អតីតប្រធានាធិបតី នៃសាធារណរដ្ឋបារាំងឧត្តមសេនីយ៍ សាល ដឺហ្គោល និងខួបលើកទី ២៥ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

គម្រោង នៃការរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ ត្រូវបានលើកយកមកជជែកពិភាក្សារវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ហ្សង់ ក្លូត ពាំប៊ឺហ្វ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦នេះ។

លោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ការរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ នឹងធ្វើឡើងនៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០១៦ តែមិនទាន់បញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ ដោយក្រុមការងារប្រទេសទាំងពីរកំពុងពិភាក្សាបន្ថែមទៀត។

ស្របពេលកម្ពុជា-បារាំង គ្រោងរៀបចំព្រឹត្តិការណ៍ខួបទី ២៥ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១នេះ លោក អ៊ុច បូរិទ្ធ បានរំលឹកថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស បើទោះបីមិនអាចបញ្ចប់សកម្មភាពអង្គការចាត់តាំងរបស់ខ្មែរក្រហម តែក៏បានចូលរួមចំណែកបញ្ចប់សង្រ្គាមនៅកម្ពុជាផងដែរ។ លោក អ៊ុច បូរិទ្ធ បញ្ជាក់បន្ថែមថា មកដល់បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា នៅគោរពស្មារតី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយកំពុងតែអនុវត្តន៍ឲ្យកាន់តែល្អប្រសើរថែមទៀត។

បើតាមលោក អ៊ុច បូរិទ្ធ ក្នុងឱកាសប្រារព្ធព្រឹត្តិការណ៍នោះ ក៏មានការផ្លាស់ប្តូរកំណត់ទូតស្តីពីការអនុញ្ញាតឲ្យភរិយា ឬ ស្វាមីអ្នកការទូត នៃប្រទេសទាំងពីរអាចធ្វើធ្វើការងារ ដើម្បីទទួលបានប្រាក់កម្រៃបន្ថែមជួយទ្រទ្រង់ដល់ជីវភាព៕