(ស្វីស)៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA លោក Michel Platini អាចនឹងលាលែង​ពីតំណែង នាពេលឆាប់ៗ​ខាងមុខ បន្ទាប់ពីចាញ់ក្តីនៅជាប់បម្រាម ៤ឆ្នាំទៀតមិនឲ្យធ្វើ​កិច្ចការអ្វីទាំង​អស់ទាក់​ទងនឹងកីឡា នេះបើ យោងតាមមេធាវីរបស់លោកថ្លែងប្រាប់ BBC មុននេះបន្តិច ។

មេធាវី ដដែលបានបន្តថា បុរសវ័យ៦០ឆ្នាំ ជនជាតិបារាំងខាងលើ បានឡើងតុលាការ CAS នាព្រឹកថ្ងៃចន្ទ ទី០៩ ខែ​ឧសភា ឆ្នាំ២០១៦ ដើម្បីបកស្រាយពីការ​ចោទប្រកាន់របស់ FIFA ជុំវិញលុយជាង​២លានដុល្លារ​សហរដ្ឋអាមេរិក ដែលបានឃុបឃិតចែកគ្នាជាមួយនឹងអតីតប្រធាន FIFA លោក Sepp Blatter កាលពីឆ្នាំ២០១១ កន្លងទៅ ។

ក្រោយពីការសួរនាំរួចរាល់ តុលាការ CAS បានសម្រេចកាត់ក្តីព្យួរមុខតំណែងលោក Platini ពី៦ឆ្នាំ មកនៅត្រឹម៤ឆ្នាំវិញ ដែលជាហេតុធ្វើឲ្យគាត់ខឹងសម្បារជាខ្លាំង និងអាចលាលែងចេញ​ពីមុខតំណែងប្រធាន UEFA នាពេលឆាប់ៗ​ខាង មុខទៀត ៕