(ភ្នំពេញ)៖ ធនាគារ ABA និងធនាគារជាតិកាណាដា បានចុះកិច្ចព្រមព្រៀម ដ៏មានសារសំខាន់មួយ សម្រាប់ឧស្សាហកម្មធនាគារ នៅក្នុងប្រទេសកម្ពុជា ។ កិច្ចព្រមព្រៀងនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦នេះ នៅឯសណ្ឋាគារ សូហ្វីតែល ភ្នំពេញភោគីត្រា ។ ក្រោយពីទទួលបានការអនុម័តយល់ព្រម តាមនិតិវិធី និងបទបញ្ញត្តិតម្រូវនានា ធនាគារជាតិកាណាដា បានបង្កើតមូលធនរបស់ខ្លួន ក្នុងធនាគារ ABA បន្ថែមទៀត តាមរយៈ​«កិច្ចព្រមព្រៀងទិញភាគទុន» ពី៤២% ដល់៩០%។

នេះជាលើកដំបូងហើយ ដែលស្ថាប័នហិរញ្ញវត្ថុ អាមេរិកខាងជើងមួយនេះ បានកាន់កាប់ភាគទុនដ៏ធំ ក្នុងធនាគារកម្ពុជាហើយនឹងធ្វើ ឲ្យធនាគារ ABA មានការអភិវឌ្ឍកាន់តែខ្លាំង បន្ថែមទៅលើកម្រិត គុណភាពសេវាកម្ម របស់ខ្លួនដែលកំពុងមានស្រាប់។

លោក Askhat Azhikhanov អគ្គនាយកប្រតិបត្តិធនាគារ ABA បានមានប្រសាសន៍ថា «កិច្ចព្រមព្រៀង ជាមួយធនាគារជាតិកាណាដា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដ៏សំខាន់ របស់ធនាគារ ABA ហើយក៏អាចនិយាយបានថា ជានិមិត្តរូប ដែលធនាគារជាតិកាណាដា បានក្លាយជាភាគទុនិកដ៏ធំ ខណៈដែលយើងបានប្រារព្ធ ខួប២០ ឆ្នាំ របស់យើងផងដែរ ។

លោកបន្ថែមថា ការទិញភាគទុន របស់ធនាគារជាតិកាណាដា បានបង្ហាញឲ្យឃើញពីជំហរ ដ៏រឹងមាំក្នុងទីផ្សារ និងទំនុកចិត្តរបស់ ដៃគូយើង ក្នុងយុទ្ធសាស្រ្ត និងការរីកចម្រើន របស់ធនាគារ ABA ។ ការដាក់បន្ថែមដើមទុន ចុងក្រោយនេះបានផ្ដល់ឲ្យយើងនូវឱកាស ទីផ្សារថ្មី ដែលមិនធ្លាប់មានពីមុនមក និងលទ្ធភាពផ្ដល់ជូន បន្ថែមទៀត ដល់អតិថិជន ដ៏មានតម្លៃរបស់យើង។ លើសពីនេះ ធនាគារជាតិ កាណាដា ថែមទាំងមានការប្ដេជ្ញាចិត្ត ដូចគ្នា ជាមួយនឹងធនាគាររបស់យើង ក្នុងការផ្ដល់សេវា និងជំនួយដល់អតិថិជន នៅក្នុងបំណែកទីផ្សារ សហគ្រាសធនតូច និងមធ្យម(SME) ផងដែរ។

លោកបន្តថា ការទទួលបានភាគហ៊ុន របស់ធនាគារជាតិកាណាដា បានពាំនាំមកនូវគុណសម្បត្តិជាច្រើន ដល់ធនាគាររបស់យើង ដូចជា ទី១ សវតារឹងមាំរបស់ធនាគារជាតិ កាណាដា ដែលជាភាគហ៊ុនិក របស់យើង បានបង្កើនជំនឿទុកចិត្តនិងកិត្តិស័ព្ទយ៉ាងខ្លាំង របស់ ធនាគារ ABA។ ទី២ ការចូលរួមដើមទុន ពីសំណាក់ធនាគារជាតិកាណាដា និងរក្សាបាននូវ និរន្តរភាពនៃអត្រាកំណើនដ៏ ឆាប់រហ័ស របស់ធនាគារABA ព្រមទាំងជម្រុញ ការពង្រីកសាខា នៅតាមទីតាំងភូមិសាស្រ្តនានា ដោយរក្សាបាននូវកម្រិតមូលធន គ្រប់គ្រាន់ដដែល ។ ទី៣ កេរ្តិឈ្មោះល្អរបស់ធនាគារជាតិ កាណាដា បានធ្វើឲ្យយើងអាចទាក់ទាញ និងទទួលបានការផ្ដ់សេវា ដល់ក្រុមហ៊ុនអន្តរជាតិជាច្រើន ដែលធ្វើប្រតិបត្តិការនៅក្នុង ប្រទេសកម្ពុជា។ ជាពិសេសគុណសម្បត្តិ ដ៏ល្អប្រសើរមួយទៀត គឺពិពិធកម្មមូលដ្ឋាន ផ្ដល់មូលនិធិរបស់យើង តាមរយៈការទទួលបានឱកាស  ទទួលមូលនិធិកាន់តែច្រើន នៅក្នុងទីផ្សារអន្តរជាតិ។  

កាលពីខែកក្កដា ឆ្នាំ២០១៤ ធនាគារជាតិ កាណាដា បានទិញភាគទុន របស់ធនាគារ ABA ចំនួន ១០% ហើយនៅឆ្នាំដដែលនោះដែរ ធនាគារABA ត្រូវបានទទួលនាមជា «ធនាគារឆ្នើមប្រចាំឆ្នាំ» ពីទស្សនាវដ្ដី The Banker និងនាមជា «ធនាគារល្អបំផុតនៅកម្ពុជា» ពីទស្សនាវដ្ដី Euromoney ។ នាខែកញ្ញា ឆ្នាំ២០១៤ ធនាគារជាតិនៃកាណាដា ក៏បានបង្កើនដើមទុន បន្ថែមទៀតចំនួន៣០% ក្នុងធនាគារ ABA និង ៤២% នៅខែមករា ឆ្នាំ២០១៥ ។

លោក ល្វីស វាឆុង ជាប្រធាន និងជានាយកប្រតិបត្តិ ធនាគារជាតិកាណាដា បានមានប្រសាសន៍ថា ធនាគារជាតិកាណាដា មានមោទនភាព ដែលបានក្លាយជាភាគទុនិកធំ របស់ធនាគារ ABA ស្ថាប័នហិរញ្ញវត្ថុ ដ៏រឹងមាំមួយនេះ បានកសាងជំហរដ៏ល្អ ក្នុងទីផ្សារ និងមានការទទួលស្គាល់រួមមកហើយ ក្នុងការអនុវត្តជាក់ស្ដែងរបស់ខ្លួន ។ «កម្ពុជា មានទស្សនវិស័យវែងឆ្ងាយ និងកំណើនល្អប្រសើរ ហើយធនាគារ ABA ក៏មានជំហច្បាស់លាស់ ក្នុងការទាញយកឱកាសល្អនេះ ក្នុងការបន្តកំណើនចំណូល របស់ខ្លួនផងដែរ»។

កិច្ចព្រមព្រៀងដ៏សំខាន់មួយនេះ នឹងមិនត្រឹមតែធ្វើឲ្យមានការផ្លាស់ប្តូរ យុទ្ធសាស្រ្ត របស់ធនាគារ ABA ប៉ុណ្ណោះទេតែថែមទំាង កាន់តែពង្រឹង ឲ្យមានភាពខ្លាំងក្លាថែមទៀត ។ ធនាគារ ABA នឹងនៅតែផ្តោតទៅលើ យុទ្ធសាស្រ្ត ពង្រីកសាខាបន្ថែមតម្រង់ទិស បន្ថែម ចំពោះអាជីវកម្មខ្នាតតូច និងមធ្យម (SMEs) ក៏ដូចជាប្រឹងប្រែងទ្វេឡើង ដើម្បីឆ្លើយតប តាមតម្រូវការអតិថិជន ទំាំងផ្នែកសារជីវកម្ម និងផ្នែកឯកត្តជន។ កិច្ចព្រមព្រៀងនេះ ក៏បានផ្តល់សារៈសំខាន់ផងដែរ ដល់ធនាគារ ABA បន្តពង្រីកសេវាកម្មរប​ស់ខ្លួន តាមរយៈការផ្តល់សារៈសំខាន់ផងដែរ ដល់ធនាគារឌីជីថល ដែលជាដំណោះស្រាយសេវាកម្ម កាន់តែងាយស្រួល និងជាផលិតផលថ្មី៕