(ពោធិ៍សាត់)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បាននាំយករបបប្រចាំខែ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម ប្រគល់ជូនអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ ចំនួន៦២៨គ្រួសារ ដែលកំពុងរស់នៅភូមិ ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាបេសកកជនពិសេស របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ ។

នាឱកាសនោះដែរ ទេសរដ្ឋមន្ត្រី គន់ គីម បាននាំមកនូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសម្ដេចទាំងទ្វេ ដែលតែងគិតគូរនិងយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជននៅទីនេះគ្រប់ពេលវេលា។ សម្ដេចបានផ្ដល់ដី ផ្ដល់ផ្ទះ ធ្វើផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនានា មកកាន់ភូមិ ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹងនេះ ព្រមទាំងមានរបបឧបត្ថម្ភប្រចាំខែ មានអង្ករ ត្រីខ ទឹកត្រី សារុង និងថវិកាចំនួន ១០ម៉ឺនរៀល ជូនដល់អតីតយុទ្ធជនទាំង៦២៨គ្រួសារទៀតផង។ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានខិតខំកែទម្រង់លើគ្រប់វិស័យ ទាំងប្រាក់បៀវត្សមន្ត្រីរាជការ កម្មករកម្មការិនី អតីតយុទ្ធជន មន្ត្រីចូលនិវត្ត ព្រមទាំងផ្ដល់ប័ណ្ណក្រីក្រ ប័ណ្ណ ប.ស.ស ចាក់វ៉ាក់សាំង និងដោះស្រាយបញ្ហាជីវភាពជូនប្រជាពលរដ្ឋខ្វះខាត ក្នុងកាលៈទេសៈជំងឺកូវីដ១៩ និងឧបត្ថម្ភប្រាក់ជូនមន្ត្រីរាជការសម្រាប់ចូលឆ្នាំថ្មីម្នាក់ៗ ចំនួន៥ម៉ឺនរៀល។

ទេសរដ្ឋមន្ត្រី គន់ គីម សូមឱ្យអតីតយុទ្ធជនទាំងអស់ ពេលទទួលបានដី បានផ្ទះ និងផ្លូវស្រួលធ្វើដំណើរហើយត្រូវនាំគ្នាប្រឹងប្រែងដាំដំណាំឈើហូបផ្លែ បន្លែបង្កាផ្សេងៗ និងចិញ្ចឹមសត្វឱ្យបានច្រើន ដើម្បីទុកហូប និងទុកលក់ដោះស្រាយជីវភាពគ្រួសារឱ្យបានប្រសើរឡើង។ ជាមួយគ្នានេះត្រូវបញ្ជូនកូនចូលរៀនឱ្យបានគ្រប់ៗគ្នា និងអប់រំពួកគេឱ្យមានសីលធម៌ល្អ កុំឱ្យពួកគេជក់គ្រឿងញៀន និងប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ដែលសង្គមស្អប់ខ្ពើម។

ទន្ទឹមនឹងនេះដែរ លោកក៏បានជំរុញដល់មន្ត្រីជំនាញ ក្នុងការពន្លឿនផ្ដល់ប័ណ្ណសមធម៌ ជូនអតីតយុទ្ធជនឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានសេវាពិនិត្យ និងព្យាបាលសុខភាពដោយឥតគិតថ្លៃ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ដ្រី គន់ គីម បានពាំនាំការផ្តាំផ្ញើសព្វសាធុការពរពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អតីតយុទ្ធជន និងក្រុមគ្រួសារ ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ មានសុខភាពល្អ និងជួបប្រទះនូវសសេចក្តីសុខ សេចក្តីចម្រើន ដើម្បីបន្តទទួលបាននូវសមិទ្ធផលបន្ថែមក្រោមម្លប់សុខសន្តិភាពដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

ទេសរដ្ឋមន្ត្រី គន់ គីម បានក្រើនរំឮកដល់អតីតយុទ្ធជន និងក្រុមគ្រួសារ ត្រូវប្រើប្រាស់ដីសម្បទានសង្គមកិច្ច ដើម្បីអាស្រ័យផលដំណាំផ្សេងៗ ក្នុងការចិញ្ចឹមជីវភាពក្រុមគ្រួសារឱ្យបានល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនោះដែរ ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ សមាគមគ្រប់ថ្នាក់ ធ្វើឱ្យការងារសមាគមមានសន្ទុះវិវឌ្ឍន៍គួរឱ្យកត់សម្គាល់។ លោកបានណែនាំឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តការចុះសួរសុខទុក្ខអតីតយុទ្ធជន ដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងមានវិធានការជួយពួកគាត់ពេលមានបញ្ហាឱ្យទាន់ពេលវេលា។

ទេសរដ្ឋមន្ត្រី គន់ គីម បានបន្ថែមថា អ្វីៗដែលសមាជិកអតីតយុទ្ធជនកម្ពុជា ទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារកម្ពុជា មានសន្តិភាព ហេតុនេះទើបយើងត្រូវអរគុណសន្តិភាព និងដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព។

ដោយពិនិត្យឃើញដីនៅតាមជើងភ្នំតំបន់ដំណាក់ត្រយឹងនោះនៅសេសសល់ច្រើន ទេសរដ្ឋមន្ត្រី គន់ គីម សូមឱ្យអភិបាលខេត្ត ធ្វើសំណើរទៅរាជរដ្ឋាភិបាល ដើម្បីត្រៀមបម្រុងទុកជាដីសហគមន៍ សម្រាប់អតីតយុទ្ធជនក្រោយៗទៀត ជៀសវាងជនខិលខូច មករំលោភបំពានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយខុសច្បាប់៕