(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ដ្រគណបក្សប្រជាជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានស្ញប់ស្ញែងចំពោះការលះបង់របស់កម្លាំងប្រជាការពារ ដោយមិនបានគិតថា ពេលយប់ ឬពេលថ្ងៃឡើយ ដែលមានគោលដៅតែមួយគត់ គឺដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ។

ការលើកឡើងបែបនេះរបស់លោក ហ៊ុន ម៉ានី ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់កងកម្លាំងសន្តិសុខរបស់រាជធានីភ្នំពេញ ជាង៧០០នាក់ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ នៅមជ្ឈមណ្ឌលកោះពេជ្រ។

លោក ហ៊ុន ម៉ានី បានលើកឡើងថា ប្រជាការពារនៅរាជធានីភ្នំពេញ បានលះបង់នូវកម្លាំងកាយ កម្លាំងចិត្តមិនថា យប់ ថ្ងៃ ក្តៅរងា ឬមានភ្លៀង ពួកគាត់តែងបំពេញការងារមិនខ្លាចនឿយហត់ឡើយ ក្នុងគោលបំណងតែមួយគត់ គឺរក្សាឲ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយ នៅក្នុងរាជធានីភ្នំពេញ ពិសេសគឺរក្សាឲ្យបានភូមិ ឃុំ មានសុវត្ថិភាព។

លោកបានបញ្ជាក់ផងដែរថា ប្រជាការពារការ សម្រាប់ថ្នាក់ដឹកនាំ ពិតជាបានដឹង និងនៅជាមួយប្រជាការពារជានិច្ច ដើម្បីរួមគ្នាជាធ្លុងមួយក្នុងទិសដៅតែមួយគត់ គឺរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយ និងធ្វើយ៉ាងណាឲ្យភូមិ សង្កាត់មានសុវត្ថិភាព។

ក្នុងឱកាសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអះអាងដែរថា សម្រាប់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គឺតែងតែចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាការពារ មន្ត្រី និងកងកម្លាំងប្រដាប់អាវុធជានិច្ច នេះជាការបង្ហាញឲ្យឃើញអំពីមនោសញ្ជេតនាស្រឡាញ់រាប់អាន ការផ្ដល់តម្លៃ និងការគិតគូរជាប្រចាំសម្រាប់មន្ត្រីក្រោមឱវាទពិសេស គឺប្រជាការពារនៅរាជធានីភ្នំពេញ។

លោកបន្តថា ចលនាប្រជាការពារ គឺជាកម្លាំងស្ម័គ្រចិត្តដើម្បីរួមចំណែកការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅក្នុងមូលដ្ឋានសង្កាត់ ខណ្ឌ នៃរាជធានីភ្នំពេញ។ កម្លាំងប្រជាការពារ ជាជំនួយការការងារយ៉ាងសំខាន់របស់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទៅលើការងារមួយចំនួនដូចជាការងារសម្រួលចរាចរណ៍ ការសំអាតអនាម័យបរិស្ថាន ជាមួយនឹងការងារសង្គ្រោះបឋមផងដែរ។

បន្ថែមពីលើនេះទៀត ប្រជាការពារ ក៏ជាអ្នកប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាផងដែរ ទៅនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកអភិបាលបន្ថែមទៀតថា សកម្មភាពខាងលើរបស់លោកហ៊ុន ម៉ានី នេះ គឺពិតជាបានបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រទៅលើកម្លាំងប្រជាការពារទាំងអស់នៅរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាការពារខាងលើនេះ មានចំនួន៧៣៤នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ក មី ត្រីខ ទឹកស៉ីអ៉ីវ និងថវិកា៨ម៉ឺនរៀល៕