(ភ្នំពេញ)៖ ថ្វីដ្បិតមានការលើកលែង កាតព្វកិច្ចពាក់ម៉ាសក្នុងខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារក៏ពិតមែន ប៉ុន្តែមូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្តទាំង៤នេះ ត្រូវតែអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មសេវាកម្មទេសចរណ៍ឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងវិធានការផ្សេងទៀត របស់ក្រសួងសុខាភិបាលផងដែរ។

គួរជម្រាបថា តាមចំណាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានសម្រេចលើកលែងនូវកាតព្វកិច្ចពាក់ម៉ាស់នៅក្នុងចំនួន៤ រួមមាន ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ដោយប្រជាជន និងភ្ញៀវទេសចរអាចពាក់ម៉ាស់ ឬមិនពាក់ម៉ាស់ដោយខ្លួនឯង។ ប៉ុន្តែត្រូវចាំបាច់អនុវត្តកាតព្វកិច្ចពាក់ម៉ាស់ឱ្យបានខ្ជាប់ខ្ជួនឡើងវិញ នៅពេលធ្វើដំណើរចាកចេញពីព្រំប្រទល់ខេត្តទាំង៤ខាងលើ ពិសេសគឺត្រូវបន្តអនុវត្តវិធានសុខាភិបាល វិធានការ «៣ការពារ និង៣កុំ»។

តាមរយៈចំណាររបស់ប្រមុខរាជរដ្ឋាភិបាលនេះ ក្រសួងទេសចរណ៍បានចេញលិខិតបទដ្ឋានគតិយុត្តចំនួន៣ រួមមាន៖

១៖ សេចក្ដីជូនដំណឹងស្ដីពីការអនុវត្តការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ

២៖ សារាចរណែនាំស្ដីពីការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីតាំងអាជីវកម្មទេសចរណ៍ក្នុងខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ

៣៖ លិខិតជម្រាបជូនអភិបាលខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ តាមកម្មវត្ថុដែលមានការលើកលែង កាតព្វកិច្ចពាក់ម៉ាស់នៅ តាមតំបន់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ក្នុងខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។

ក្រសួងទេសចរណ៍បានស្នើដល់រដ្ឋបាលខេត្តទាំងបួន យកចិត្តទុកដាក់ជំរុញការអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មសេវាកម្មទេសចរណ៍ ដោយទុកលទ្ធភាពឱ្យបុគ្គលិក និងភ្ញៀវដែលរស់នៅក្នុងខេត្តទាំងបួន និងភ្ញៀវដែលធ្វើដំណើរពីបណ្តារាជធានី-ខេត្តផ្សេងទៀតទៅកម្សាន្ត នៅតាមតំបន់គោលដៅទេសចរណ៍ និងទីតាំងអាជីវកម្មសេវាកម្មទេសចរណ៍ អាចធ្វើការជ្រើសរើសដោយខ្លួនឯងក្នុងការពាក់ម៉ាស់ ឬមិនពាក់ម៉ាស់។ ប៉ុន្តែក្រោយពេលចាកចេញពីភូមិសាស្ត្រខេត្តទាំងបួន បុគ្គលិក និងភ្ញៀវទាំងអស់ត្រូវពាក់ម៉ាស់ជាកាតព្វកិច្ច ដោយអនុវត្តវិធានការ «៣ការពារ ៣កុំ» ឱ្យបានជាប្រចាំ៕

ខាងក្រោមនេះជាលិខិតបទដ្ឋានគតិយុត្តចំនួន៣របស់ក្រសួងទេសចរណ៍៖