(ព្រះវិហារ)៖ លោក មាស សុខសេនសាន អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានដឹកនាំប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះសួរសុខទុក្ខ ព្រមទាំងចែកអំណោយដល់នាយទាហាន និងពលទាហាន នៃវរសេនាតូចអន្តរាគមន៍លេខ៣៩៥ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ដែលកំពុងប្រចាំការនៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលអង្គភាពទាំង២ គឺជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកអគ្គលេខាធិការ បានពាំនាំនូវមតិផ្ដាំផ្ញើសួរសុខទុក្ខរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលលោកតែងតែមានការយកចិត្តទុកដាក់ ដល់សុខទុក្ខរបស់បងប្អូនជានាយទាហាន និងពលទានហានទាំងអស់។

បន្ថែមពីនេះ លោកអគ្គលេខាធិការ បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់នាយទាហាន និងពលទាហានទាំងអស់ នៃវរសេនាតូចទាំង២ ដែលតែងតែបានលះបង់កម្លាំងកាយចិត្ត និងប្រថុយអាយុជីវិតធ្វើពលីកម្មក្នុងបុព្វហេតុជាតិមាតុភូមិ និងការពារបាននូវបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ពីការឈ្លានពានរបស់ប្រទេសជិតខាងនាពេលកន្លងមក ជាពិសេសនៅអំឡុងឆ្នាំ២០០៨ កន្លងទៅនេះ ដោយបាននាំមកនូវសុខសន្តិភាពសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស។

លោកអគ្គលេខាធិការក៏បានសង្កត់ធ្ងន់ផងដែរ អំពីសារសំខាន់នៃសន្តិភាព ដែលយើងគ្រប់គ្នាត្រូវតែរក្សាការពារឱ្យបានជាដាច់ខាត ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែបានលើកឡើងថា «វិស័យដែលមានសារសំខាន់ជាងគេ សម្រាប់កិច្ចអភិវឌ្ឍជាតិ គឺវិស័យនៃសុខសន្តិភាព»

លោកអគ្គលេខាធិការ មាស សុខសេនសាន ក៏បានគូសបញ្ជាក់ផងដែរថា ការចុះសួរសុខទុក្ខ និងចែកអំណោយលើកនេះ គឺមិនមែនជាលើកទី១ ឡើយ សម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយជាធម្មតានៅរៀងរាល់មុនពិធីបុណ្យប្រពៃណីជាតិធំៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ជាដើម, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតែងតែចាត់ថ្នាក់ដឹកនាំប្រតិភូក្រសួងចុះសួរសុខទុក្ខ និងចែកអំណោយរួមមានជា គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ បរិក្ខារ និងគ្រឿងសម្ភារប្រើប្រាស់ផ្សេងៗ ក៏ដូចជាថវិកាមួយចំនួនទៀត ដល់នាយទាហាន និងពលទាហាន នៃវរសេនាតូចអន្តរាគមន៍លេខ៣៩៥ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ដែលជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនដែលអាក់ខានអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។

ជាការពិតណាស់, ការចុះសួរសុខទុក្ខនិងចែកអំណោយនេះ គឺធ្វើឡើងក្នុងគោលបំណងរឹតចំណងមេត្រីភាព សាមគ្គីភាព ភាតរភាព ប្រកបដោយទឹកចិត្តស្មោះស និងការដឹងគុណ ដែលស្ដែងចេញតាមរយៈការគិតគូរយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដល់សុខទុក្ខកងកម្លាំងការពារព្រំដែន ដែលបាននិងកំពុងខិតខំប្រចាំការតស៊ូប្រឈមនឹងគ្រោះថ្នាក់នៅសមរភូមិជួរមុខ សំដៅថែរក្សាការពារបូរណភាពទឹកដី ឯករាជ្យភាព និងអធិបតេយ្យភាពរបស់មាតុភូមិកម្ពុជាដែលខិតខំកសាងឡើងដោយលំបាក មិនឱ្យមានសត្រូវណាមករំលោភបំពាន និង បំផ្លាញបានឡើយ។ លើសពីនេះទៀត សកម្មភាពនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញពីការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ ប្រកបដោយភាពកក់ក្ដៅរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាស្ថាប័នថ្នាក់ជាតិ និងវរសេនាតូចទាំង ២អង្គភាព ដែលជាអ្នកការពារព្រំដែននៅតំបន់មុំបី ហើយក៏ជាការចូលរួមចំណែកជំរុញការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលនៅតែបន្តយកចិត្តទុកដាក់ លើការកែទម្រង់កងកម្លាំងប្រដាប់អាវុធ តាមរយៈការពង្រឹងការដឹកនាំ ការគ្រប់គ្រង និងខ្សែរយៈចាត់តាំង។

លោកអគ្គលេខាធិការបានលើកឡើងថា, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងនៅតែបន្តគាំទ្រនិងផ្ដល់ការឧបត្ថម្ភដល់វរសេនាតូចអន្តរាគមន៍លេខ៣៩៥ និងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ដែលជាសម្ព័ន្ធមេត្រីភាពរបស់ខ្លួន ដើម្បីជាការតបស្នងដល់គុណបំណាច់ និងឆន្ទៈលះបង់យ៉ាងប្ដូរផ្ដាច់របស់កងកម្លាំងការពារព្រំដែនយើង ក្នុងស្មារតីជំរុញប្រសិទ្ធភាពនៃកិច្ចការការពារជាតិ ឱ្យស្របតាមការវិវត្តនិងរីកចម្រើននៃសេដ្ឋកិច្ចជាតិ។

ទន្ទឹមនេះ នាយទាហាន ពលទាហាន និងកងកម្លាំងយើងទាំងអស់ ត្រូវបន្តខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពខ្លួនឯង បង្កើនស្មារតីស្នេហាជាតិ គោរពស្រឡាញ់ប្រជាជនខ្មែរ ហ៊ានលះបង់ជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និងមិនត្រូវធ្វេសប្រហែសមើលស្រាលស្ថានការណ៍ ដែលអាចនាំឱ្យខ្មាំងសត្រូវមានឱកាសមកឈ្លានពានបំផ្លាញសុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងការអភិវឌ្ឍជាតិលើគ្រប់វិស័យដែលយើងទាំងអស់គ្នាខិតខំកសាងមកដោយលំបាកនេះបានឡើយ៕