(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងពីការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ដែលបានសាងសង់ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង របស់ប្រទេសជប៉ុន មានទីតាំងជាប់សួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្ថិតនៅភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ។

រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់តីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៨៤ កែងតីរវិថីព្រះស៊ីសុវត្ថិ ដល់ផ្លូវលេខ១០៦ កែងតីរវិថីព្រះស៊ីសុវត្ថិ) នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ចាប់ពីម៉ោង ០៥:០០នាទីព្រឹករហូតដល់បញ្ចប់កម្មវិធី។

អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើ តាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ៕