(ភ្នំពេញ)៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ក្រសួងការងារ កំពុងដាក់ចេញនូវផែនការ៥ចំណុច ដើម្បីផ្តល់ដំណោះស្រាយពីបញ្ហាការងារជូនប្រជាពលរដ្ឋ នៅកម្ពុជា ឱ្យកាន់តែប្រសើរ។

លោក អ៊ិត សំហេង បានលើកបែបនេះ នៅក្នុងពិធីប្រារព្ធទិវាពិភពលោក ដើម្បីសុខភាព និងសុវត្ថិភាពការងារ ក្រោមប្រធានបទ«ភាពតានតឹងអារម្មណ៍នៅកន្លែងធ្វើការ ជាបញ្ហាប្រឈមរួម» ដែលបានធ្វើឡើងនៅរោងចក្រ រ៉ូស៊ីង ហ្គាមិន ខូអិលធីឌី នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦នេះ។

អាទិភាព៥ចំណុចនោះ រួមមាន៖ ទី១. ជំរុញការធានា និងការលើកកម្ពស់លក្ខខណ្ឌការងារ ដោយបន្តពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករនិយោជិត និងនិយោជក បន្តការសិក្សាតម្លើងប្រាក់ឈ្នួល ផ្នែកអនាម័យ សុវត្ថិភាពការងារ ទី២. អភិវឌ្ឍការបណ្ដុះបណ្ដាលច្ចេកទេស និងវិជ្ជាជីវៈ ដោយពង្រឹង និងពង្រីកសេវាអប់រំប្រកបដោយសមធម៌ ទី៣. អភិវឌ្ឍមុខរបរ និងការងារ ដោយបន្តការអភិវឌ្ឍ និងផ្ដល់សេវាកការងារ និងព័ត៌មានទីផ្សារការងារ ទី៤. យកចិត្តទុកដាក់ក្នុងការអភិវឌ្ឍបេឡាជាតិរបបសន្តិសុខសង្គម ដោយបន្តពង្រឹង និងពង្រីកការអនុវត្តរបបធានារ៉ាប់រងហានិភ័យការងារ ជំរុញការរៀបចំដាក់ឱ្យដំណើរការរបបធានារ៉ាប់រងសុខភាព និងរៀបចំដាក់ឱ្យដំណើរការរបបប្រាក់សោធននិវត្តន៍ និងទី៥. បន្តពង្រឹងអភិបាលកិច្ចល្អ ដោយត្រូវបន្តពង្រឹងការគ្រប់គ្រងរដ្ឋបាល និងអភិវឌ្ឍធនធានមនុស្ស។

តាមរបាយការណ៍របស់បេឡាជាតិរបបសន្តិសុខសង្គម បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១៥ កន្លងទៅនេះ កម្ពុជា គ្រោះថ្នាក់ការងារ ចំនួន៣០,២៨១ករណី ស្លាប់ចំនួន១៨១នាក់ និងចំណាយថវិកាអស់ចំនួន១២,០៥៨,៣៨៤,៣០០រៀល ចំណែកករណីដួលសន្លប់ក្នុងឆ្នាំ២០១៥ មានចំនួន៥៣៨ករណី ហើយបានធ្លាក់ចុះមកត្រឹម២១៤ករណី ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៦នេះ។

ឆ្លើយតបនឹងបញ្ហាប្រឈមខាងលើនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននឹងបន្តខិតខំប្រឹងប្រែង និងជំរុញការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ពង្រឹងការអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍយុទ្ធសាស្រ្តជាតិ ជាពិសេសបង្កើត និងពង្រឹងយន្តការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពខ្ពស់ជាមួយអង្គការដៃគូ ស្ថាប័នពាក់ព័ន្ធនានា ដើម្បីបង្ការ និងទប់ស្កាត់នូវរាល់ហានិភ័យ និងគ្រោះថ្នាក់ការងារ ដែលនឹងកើតមានឡើងនៅកន្លែងធ្វើការ នៅតាមរោងចក្រសហគ្រាស គ្រឹះស្ថាននានា។

ក្រោយពីបានចូលរួមស្ដាប់នូវអនុសាសនន៍ណែនាំ កម្មករ កម្មាការិនី បានសម្ដែងនូវការសប្បាយរីករាយ និងបានទទួលនូវចំណេះដឹងដ៏ទូលំទូលាយ ហើយក៏បានលើកសរសើរពីការយកចិត្តទុកដាក់របស់ក្រសួង ដោយក្នុងនោះ មានកម្មករម្នាក់ក្នុងចំណោមកម្មករ កម្មាការិនីប្រមាណជា១៣០០នាក់់នៃរោងចក្រ រ៉ូស៊ីង ហ្គាមិន ខូអិលធីឌី បានលើកឡើងថា នៅក្នុងរោងចក្រ គាត់ឃើញមានការគិតគូយ៉ាងយកចិត្តទុកកដាក់លើកម្មការ កម្មាការិនី ទាំងផ្នែកអនាម័យ ផ្នែកសុខភាព ផ្នែកចំណីអាហារ ក៏ដូចជាថ្ងៃឈប់សម្រាក គឺខាងរោងចក្របានយកចិត្តទុកដាក់យ៉ាងខ្លាំង៕