(កំពត-កែប)៖ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី តំណាងធនាគារ អេស៊ីលីដា ព្រមទាំងក្រុមប្រឹក្សាភិបាលនៃធនាគារជាអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តធ្វើសិក្ខាសាលា ផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេសេរបស់រាជរដ្ឋាភិបាល (ដំណាក់កាលទី២) នៅខេត្តកំពត ដោយមានការអញ្ជើញចូលរួមពី អភិបាលខេត្តរង អភិបាលស្រុក ប្រជាកិសករ សហគមន៍កសិកម្ម និងសហគ្រាសកែច្នៃផលិតផលកសិកម្ម។

ក្នុងសិក្ខាសាលានេះ លោកប្រតិភូរាជរដ្ឋាភិបាល ក៏បានបន្តលើកទឹកចិត្តឲ្យប្រជាកសិករក្នុងខេត្តកំពត ធ្វើផែនការដាំដុះឲ្យបានច្បាស់លាស់ ពង្រឹងស្តង់ដារ ផលិត និងគិតគូរស្ថានភាពទីផ្សារឲ្យបានច្បាស់លាស់។

បន្ទាប់ពីសិក្ខាសាលាផ្សព្វផ្សាយ លោកប្រតិភូរាជរដ្ឋាភិបាល, ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិម្ម ព្រមទាំង ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក៏បានចុះទស្សនកិច្ចដល់ទីតាំងសិប្បកម្មកែច្នៃម្ហូបអាហារ និងផលិតទឹកត្រី អ៊ីឆេ ង៉ូវ ហេង កំពត។

នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ លោកបណ្ឌិតប្រតិភូ កៅ ថាច ព្រមទាំងក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងតំណាងធនាគារ អេស៊ីលីដា បានធ្វើសិក្ខាសាលាផ្សព្វផ្សាយរួមគ្នា អំពីគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល (ដំណាក់កាលទី២) គាំទ្រការពង្រីកការដាំដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម ការកែច្នៃផលិតផលកសិកម្ម និងហិរញ្ញប្បទានគាំទ្រខ្សែច្រវាក់ផលិតកម្ម ស្វាយ ស្វាយចន្ទី និងមៀនប៉ៃលិន ដល់ប្រជាកសិករ សហគមន៍កសិកម្ម និងតួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម ក្នុងខេត្តកែប ដោយមានការចូលរួមពី អភិបាលនៃគណៈអភិបាលខេត្តកែប, អភិបាលរង, ប្រធានមន្ទីរកសិកម្ម, ប្រធានមន្ទីរពាណិជ្ជកម្ម និងថ្នាក់គ្រប់គ្រងខេត្តកែប។

ក្នុងសិក្ខាសាលានេះ លោកប្រតិភូរាជរដ្ឋាភិបាល បានលើកទឹកចិត្តឲ្យប្រជាកសិករខេត្តកែប យកចិត្តទុកដាក់ក្នុងការផលិត ជាពិសេសវិស័យវារីវប្បកម្មសមុទ្រ រៀបចំផែនការផលិតផលដោយប្រុងប្រយ័ត្ន និងការសិក្សាអំពីស្ថានភាពទីផ្សារ។

ក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលនេះ ប្រជាកសិករ សហគមន៍កសិកម្ម និងតួអង្គក្នុងខ្សែច្រវាក់ផលិតកម្ម កសិកម្ម អាចទទួលបានហិរញ្ញប្បទានតារយៈ ធនាគារ ARDB និង ធនាគារ ACLEDA៕