(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានថ្លែងថា យុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត ជួយបុគ្គលជិត ២ម៉ឺននាក់ ចេញពីពន្ធនាគារ ដោយរួមចំណែកកាត់បន្ថយការចង្អៀតណែនក្នុងពន្ធនាគារ បានយ៉ាងល្អ។

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ថ្លែងបែបនេះ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ក្នុងសន្និបាតបូកសរុបការងារយុត្តិធម៌ ឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។

លោក គឹម សន្តិភាព បានឲ្យដឹងថា មាននីតិវិធីព្រហ្មទណ្ឌមួយចំនួនដែលអាចជួយកាត់បន្ថយនូវការចង្អៀតណែននៅក្នុងពន្ធនាគារ ដូចជា៖

* ១៖ ការសម្រេចមិនឃុំខ្លួនបណ្តោះអាសន្ន ហើយមិនដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ
* ២៖ ការចេញដីកាដំណោះស្រាយលើកលែងចោទប្រកាន់
* ៣៖ ការសម្រេចសេចក្តីឱ្យរួចផុតពីបទចោទ
*៤៖ ការព្យួរទោសធម្មតា
* ៥៖ ការព្យួរទោសសាកល្បង
* និង ៦៖ ការដោះលែងទណ្ឌិតដែលអនុវត្តទោសចប់ ។

លោកបន្តថា យោងតាមការស្រង់ទិន្នន័យ និងបូកសរុបរបាយការណ៍របស់តុលាការទូទាំងប្រទេស នៅក្នុងរយៈពេល ៣៩៥ថ្ងៃនៃយុទ្ធនាការនេះ ការចង្អៀត
ណែននៅក្នុងពន្ធនាគារត្រូវបានកាត់បន្ថយតាមរយៈ៖

* ចំនួនបុគ្គលដែលបានដោះលែងចេញពីពន្ធនាគារចំនួនប្រមាណ ១៩,៤៣០នាក់
* ចំនួនបុគ្គលនឹងត្រូវដោះលែងចំនួនប្រមាណ ៧,០៨៧នាក់
* ចំនួនបុគ្គលដែលត្រូវបានសម្រេចមិនឃុំខ្លួនចំនួនប្រមាណ ៤,០២០នាក់
* ចំនួនបុគ្គលដែលត្រូវបានបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀនជំនួសឱ្យការចោទប្រកាន់ និងបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀនដោយសមត្ថកិច្ច មានចំនួនប្រមាណ ៨,៧៦៤នាក់។

បើតាមក្រសួងយុត្តិធម៌, រយៈពេល ៣៩៥ថ្ងៃ នៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត បានចូលរួមចំណែកក្នុងការកាត់បន្ថយភាពចង្អៀតណែននូវបុគ្គលសរុបចំនួនប្រមាណ ៣៩,៣០១នាក់។

សូមជម្រាបថា ថ្ងៃប្រកាសបើកយុទ្ធនាការ គឺថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នឹងបិទនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដែលមានរយៈពេលសរុប ៣៩៥ ថ្ងៃឬស្មើនឹង ១ឆ្នាំ ១ខែ៕