(ភ្នំពេញ)៖ លោក ហង្ស សាមឿន ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាតំណាងនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ បានជួបពិភាក្សាជាមួយ កញ្ញា រេប៊ែកា ប៊ែល ប្រធានអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារ និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ (គ.ជ.គ.ម.)។

តាងនាមអោយនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី លោក ហង្ស សាមឿន បានថ្លែងអំណរគុណដល់កញ្ញា រេប៊ែកា ប៊ែល ប្រធានអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ (FAO) ប្រចាំនៅកម្ពុជា ដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ គ.ជ.គ.ម. កន្លងមក និងបានបញ្ចាក់ពីកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូវិស័យមួយចំនួននាពេលអនាគត។

ប្រធានអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានជំរាបជូនថា កម្មវិធីចំនួន៣ចំណុច៖

*ជួយកសាងទីទួលសុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅខេត្តជាប់ដងទន្លេមេគង្គ
*ជួយពង្រឹងសមត្ថភាព ដល់មន្រ្តី គ.ជ.គ.ម.
*ជួយផ្តល់ជាមធ្យោបាយ និងសម្ភារផ្សេងៗ ដល់ គ.ជ.គ.ម.

កញ្ញា រេប៊ែកា ប៊ែល បានបញ្ហាពីទិសដៅតាមរយៈក្របខណ្ឌយុទ្ធសាស្រ្តសកល ២០២២-២០៣១ លើចំណុចល្អប្រសើររបស់អង្គការ FAO មានចំនួន៤គឺ៖

*ធានានូវការប្រើប្រាស់
*បញ្ចប់នូវភាពអត់ឃ្លាន សម្រេចបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភឱ្យប្រសើរឡើងក្នុងគ្រប់ទម្រង់ទាំងអស់ រួមទាំងការលើកកម្ពស់អាហាមានជីវជាតិ និងការបង្កើនលទ្ធភាព ទទួលបានរបបអាហារដែលមានសុខភាពល្អ។
*ការពារ ស្ដារ និងលើកកម្ពស់ការប្រើប្រាស់ ប្រព័ន្ធអេកូឡូស៊ីលើដី និងសមុទ្រប្រកបដោយចីរភាព និងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ (កាត់បន្ថយ ប្រើឡើងវិញ កែច្នៃឡើងវិញ ការគ្រប់គ្រងសំណល់) តាមរយៈប្រព័ន្ធកសិកម្មឧស្សាហកម្មកាន់តែមានប្រសិទ្ធភាព រួមទាំងភាពធន់ និងចីរភាព។
*លើកកម្ពស់រួមទាំងកំណើនសេដ្ឋកិច្ច ដោយកាត់បន្ថយវិសមភាព (ទីក្រុង/ជនបទ ប្រទេសអ្នកមាន/ក្រីក្រ បុរស/ស្ត្រី)។

លោក ហង្ស សាមឿន បានលើកឡើងថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាស្ថាប័នសម្របសម្រួល និងមានអាណត្តិ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន លើការងារគ្រប់គ្រង និងកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ នៅកម្ពុជា។

គោលបំណងនៃកិច្ចជំនួបនោះផ្តោតទៅលើកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូទ្វេរភាគគី និងគ្រោងចុះអនុស្សរណៈយោគយល់រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការ FAO សំដៅពង្រឹងពង្រីកនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ស៊ីជម្រៅ។

ចំពោះគម្រោងក្នុងតំបន់ដំណាក់កាលទី២ អង្គការ FAO បានរួមសហការជាមួយដៃគូ ភ្នាក់ងារសហប្រជាជាតិដូចជា WFP និង UNICEF ដើម្បីគាំទ្រផ្នែកបច្ចេកទេសដល់៖

*បានគាំទ្រ គ.ជ.គ.ម. និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MoSVY) ដើម្បីសហការរៀបចំសិក្ខាសាលាថ្នាក់ជាតិ «ការត្រៀមខ្លួនសម្រាប់ទឹកជំនន់នៅឆ្នាំ២០២១ និងលើសពីនេះ គឺអភិក្រមសកម្មភាព មុនពេលគ្រោះមហន្តរាយកើតឡើង (AA) និងកិច្ចគាំពារសង្គមដែលឆ្លើយតបដ៏គួរឱ្យតក់ស្លុត (SRSP)» នៅឆ្នាំ២០២១។

*បានគាំទ្រសេចក្តីព្រាងនៃគោលនយោបាយសង្ខេបស្តីពី «ការធ្វើសកម្មភាពមុនទឹកជំនន់-អនុម័តលើ អភិក្រមសកម្មភាព មុនពេលគ្រោះមហន្តរាយកើតឡើងនៅកម្ពុជា» ដែលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ គ.ជ.គ.ម. និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីភ្ជាប់គម្លាតរវាងការគ្រប់គ្រងគ្រោះមហន្តរាយដោយប្រើអភិក្រមសកម្មភាព មុនពេលគ្រោះមហន្តរាយកើតឡើង និងកិច្ចគាំពារសង្គមដែលឆ្លើយតបដ៏គួរឱ្យតក់ស្លុត និងតួអង្គជំនួយសង្គម។

*កំពុងធ្វើការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីបង្កើតពិធីសារ អភិក្រម សកម្មភាព មុនពេលគ្រោះរាំងស្ងួតកើតឡើង ដោយផ្តោតលើជីវភាពរស់នៅពឹងផ្អែកលើកសិកម្ម។ ជាបន្ទាប់ពិធីសារអាចនឹងត្រូវពង្រីក ដើម្បីគ្របដណ្តប់លើវិស័យផ្សេងទៀត៕