(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានផ្ដួចផ្ដើមនិមន្តសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អុំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រសិទ្ឋីពរជ័យ សិរីមង្គល វិបុលសុខ និងពិសារភោជនីយ អាហារសាមគ្គី ហើយរាំលេងកម្សាន្ដ ដើម្បីអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ស្ថិតនៅសាលាខណ្ឌ នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលប្រសើរថ្លៃថ្លានេះដែរ លោក ចេង មុនីរ៉ា សូមលើកហត្ថបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ពិសេសទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព្រះនាមកិរិណីទេវី សូមព្រះអង្គតាមជួយថែរក្សាអភិបាល ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការ ចំពោះប្រធានក្រុមប្រឹក្សា គណៈអភិបាល គណៈនាយក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ចៅសង្កាត់ទាំង៨ មេភូមិ ប្រធាន-អនុប្រធានការិយាល័យជុំនាញ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ទូទាំងខណ្ឌច្បារអំពៅ សូមទទួលបានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ បន្តដឹកនាំ និងអភិវឌ្ឍន៍ខណ្ឌ ឱ្យកាន់រីកចម្រើន និងលូតលាស់គ្រប់វិស័យ ក្រោមដំបូលនៃសន្តិភាព ហើយសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕