(ភ្នំពេញ)៖ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ និងជាអនុប្រធានប្រចាំការនៃសមាអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ បានលើកឡើងថា គំរូវីរភាពដ៏អង់អាចក្លាហានរបស់អតីតយុទ្ធជនកម្ពុជា ពិតជាបានចារនៅក្នុងប្រវត្តិសាស្ត្រកូនខ្មែរជំនាន់ក្រោយ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។

ការលើកឡើងបែបនេះ របស់លោកស្រី មុំ ចាន់ដានី ធ្វើក្នុងឱកាសដែលលោកស្រី រួមជាមួយក្រុមការងារក្នុងកម្មវិធី បេីកផ្ដល់ប្រាក់ធានារ៉ាប់រងសង្គម និងប្រាក់បូជាសពមួយលើកដំបូង ជូនគ្រួសារអតីតយុទ្ធជន ចំនួន ៣០គ្រួសារ មកពីខណ្ឌចំនួន១០ រួមមាន៖ ខណ្ឌទួលគោក ចំនួន៤គ្រួសារ, ខណ្ឌឬស្សីកែវ ចំនួន៣គ្រួសារ, ខណ្ឌដូនពេញ ចំនួន២គ្រួសារ, ខណ្ឌមានជ័យ ចំនួន៨គ្រួសារ, ខណ្ឌពោធិ៍សែនជ័យ ចំនួន៣គ្រួសារ, ខណ្ឌកំបូល ចំនួន១គ្រួសារ, ខណ្ឌច្បារអំពៅ ចំនួន ៣គ្រួសារ, ខណ្ឌសែនសុខ ចំនួន៣គ្រួសារ, ខណ្ឌបឹងកេង ចំនួន២គ្រួសារ និងខណ្ឌដង្កោ ចំនួន១គ្រួសារ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ។

ជំនួសមុខឱ្យលោករដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោកស្រី មុំ ចាន់ដានី បានសម្ដែងនូវការចូលរួមរំលែកនូវមរណៈទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់សមាជិកគ្រួសារ ដែលបានទទួលមរណភាព ដែលជាអតីតយុទ្ធជនយើង ធ្លាប់បានចូលរួមចំណែកលះបង់សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុរំដោះ ការពារបូរណភាពទឹកដីរហូតទទួលបានជោគជ័យ កន្លងមក។

ជាមួយគ្នានោះ លោកស្រីប្រធានមន្ទីរ បានបួងសួងដល់ដួងវិញ្ញាណក្ខន្ធ នៃបុព្វបុរសខ្មែរ ដែលបានពលីកម្មក្នុងបុព្វហេតុជាតិមាតុភូមិ សូមបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លៀតឡើយ៕