(ភ្នំពេញ)៖ លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ និងលោក ជា ខេម៉ា អភិបាលស្ដីទី នៃគណៈអភិបាលខណ្ឌ សមាជិក សមាជិកា ក្រុមប្រឹក្សាខណ្ឌ ព្រមទាំងកងកម្លាំងនគរបាល កងរាជអាវុធហត្ថ មន្ដ្រីរាជការក្រោមឱវាទ ថ្នាក់ខណ្ឌនិងសង្កាត់ ជាច្រើនរូបទៀត នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅសាលាខណ្ឌ បានរៀបចំពិធីសូត្រមន្ដ ចំរើនព្រះបរិត្ត ដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន និងសុំពរជ័យពីទេវតាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ព្រះនាម កិរិណីទេវី ជាបុត្រីទី៥ នៃស្ដេចកុបិល្លមហាព្រហ្ម ដែលនឹងចូលមកកាន់តំណែង បន្តវេនពីទេវតាឆ្នាំចាស់ នាពេលឆាប់ៗនេះ។

ពិធីនេះមិនត្រឹមតែ បួងសួងសុំឲ្យទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ឲ្យបានសេចក្តីសុខ សេចក្ដីចម្រើនដល់សមាជិកសមាជិកា ដែលបានចូលរួមប៉ុណ្ណោះទេ ថែមទាំងបាន ឧទ្ទិសបុណ្យកុសលជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និងជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិផងដែរ។

ក្នុងកម្មវិធីនេះ មានការសំដែងរបាំត្រុត ដែលតាមជំនឿគឺដើម្បីដេញឧបទ្រុបចង្រៃក្នុងឆ្នាំចាស់ ឲ្យចៀសចាកឆ្ងាយ កុំឲ្យមកបៀតបៀន និងនាំមកនូវសេរីសួរស្ដីជ័យមង្គលគ្រប់ប្រការក្នុងឆ្នាំថ្មី ដើម្បីជាមង្គល ក្នុងការប្រកប កិច្ចការងារប្រចាំថ្ងៃ។

ឆ្លៀតក្នុងឱកាសនោះ លោក ជា ខេម៉ា ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ក្នុងឱកាសចូលឆ្នាំនេះ ត្រូវបន្ដកិច្ចសហការរួមគ្នា បង្កើនការប្រុងប្រយ័ត្នការការពារសន្ដិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យបានល្អប្រសើរ។ ម្យ៉ាងទៀត បញ្ហាចរាចរណ៍ក៏ជារឿងសំខាន់ និងចាំបាច់ខ្លាំងណាស់ដែរ ដែលត្រូវធ្វើការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឱ្យចូលរួមក្នុងការគោរពច្បាប់ចរាចរណ៍ និងចុះទៅតាមគោលដៅសំខាន់ ដែលអាចកើតមានបញ្ហាកកស្ទះចរាចរណ៍ ដើម្បីជួយសម្របសម្រួលការធ្វើដំណើររបស់បងប្អូនឲ្យបានរលូន និងទទួលបាននូវភាពសប្បាយរីករាយ។

បន្ទាប់ពីពិធីសូត្រមន្ដ រដ្ឋបាលខណ្ឌ ក៏បានរៀបចំអាហារសាមគ្គីជូនដល់សមាជិកសមាជិកា ដែលបានចូលរួម ដើម្បីបង្កើននូវភាពស្និទ្ធស្នាល មិត្តភាព សាមគ្គីភាព ទំនាក់ទំនងល្អជាមួយគ្នា ដើម្បីជំរុញការងារទាំងឡាយរបស់រដ្ឋបាលខណ្ឌ-សង្កាត់ ក៏ដូចជាកងកម្លាំងឲ្យដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ។ ជាមួយនេះ ក៏មានកម្មវិធីរាំកំសាន្ដ ដើម្បីអបអរសារទរ បុណ្យចូលឆ្នាំថ្មី ប្រពៃជាតិខ្មែរថែមទៀតផង៕