(ភ្នំពេញ)៖ នៅសល់រយៈពេលប្រមាណ២ថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ នឹងឈានចូលមកដល់ហើយ។ បន្ទាប់ពីការរឹតត្បិតមិនឱ្យមានការជួបជុំលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំអស់រយៈពេលពីរឆ្នាំ ព្រោះតែការរាតត្បាតនៃជំងឺកូវីដ១៩នោះ នៅឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យប្រជាពលរដ្ឋជួបជុំ និងការលេងកម្សាន្តសប្បាយឡើងវិញហើយ។

ដូច្នេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអនុវត្តតាមបទបញ្ជា និងការណែនាំរបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ពង្រាយកម្លាំងផ្នែកនគរបាលចរាចរណ៍ នៅតាមគ្រប់គោលដៅទាំងក្នុង និងច្រកចេញ-ចូល រាជធានីភ្នំពេញ ក្នុងការបំពេញភារកិច្ចជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅពេលធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នេះបើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំងជំនាញទាំងអស់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសកម្លាំងចរាចរណ៍ជាច្រើនរយនាក់គឺបានគ្រប់គោលដៅ ជាពិសេសគោលដៅសំខាន់ៗ ច្រកចេញ-ចូលក្រុង គឺយើងបានត្រៀមតាំងពីថ្ងៃសៅរ៍មក រហូតពិធីបុណ្យចូលឆ្នាំហើយ ដើម្បីធ្វើយ៉ាងម៉េចដោះស្រាយការងារចរាចរណ៍ កុំឱ្យមានការកកស្ទះ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួល»

សូមបញ្ជាក់ថា សង្ក្រានឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ នឹងឈានចូលមកដល់នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១០៖០០នាទី។ ទេវធីតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី ជារាជបុត្រីទី៥ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌បៃតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទាអភរណៈកែវមរកត ភក្សាហារទ្រង់សណ្តែក ល្ង ព្រះហស្ថស្តាំទ្រង់កង្វេរ ព្រះហស្ថឆ្វេងទ្រង់កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេត្រនៅលើខ្នងដំរី (គជសារ) ជាយានពាហនៈ៕