(សៀមរាប)៖ ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ដែលសហការរៀបចំដោយអាជ្ញាធរខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជាបានចាប់ផ្ដើមហើយ តាំងតែពីព្រឹកថ្ងៃទី១២ខែមេសាឆ្នាំ២០២២ នៅប្រាសាទចៅសាយទេវតាដោយផ្តើមដោយពិធីលើកទង់ តាមប្រពៃណី។

ចាប់តាំងពីម៉ោងជាង៨ព្រឹកគណកម្មការចាត់ចែងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត មកពីច្រើនស្ថាប័នបានទៅជួបជុំគ្នាដើម្បីលើកទង់សាសនា ដោយមានព្រះសង្ឃចំនួន៥អង្គសូត្រធម៌ជយន្តោ មង្គលពរជ័យជាសញ្ញានៃការចាប់ផ្ដើមពិធីចាប់ពីពេលនេះតទៅ។

នៅក្នុងទីក្រុងសៀមរាបនាថ្ងៃទី១២មេសានេះ គឺមានមនុស្សយ៉ាងច្រើនកុះករខុសពីពេលធម្មតា។ ចំណែកឯនៅជុំវិញបរិវេណអង្គរ និងតាមដងផ្លូវមួយចំនួនឆ្ពោះទីកាន់រមណីដ្ឋានអង្គរ គឺបុគ្គលិកនៃអាជ្ញាធរជាតិអប្សរាជាច្រើន កំពុងប្រឹងប្រែងបោសសំអាតបរិស្ថានសំរាមនៅតាមសួនសាធារណ នៅតាមបរិវេណប្រាសាទបុរាណ ព្រមទាំងមានឡានទឹកលាងសំអាតនៅតាមទ្រូងផ្លូវនានាផងដើម្បីភាពទាក់ទាញនិងជាមង្គលសិរិសួស្តី រង់ចាំទទួលទេវតាឆ្នាំថ្មីនឹងយាងមកដល់នាពេលឆាប់ៗខាងមុខ។

ព្រឹត្តិការណ៍នៅក្នុងទីក្រុងសៀមរាប ដូចការប្រគុំតន្ត្រីស្គរដៃ ការជិះទូកលេងកំសាន្តនៅតាមដងស្ទឹងនឹងចាប់ផ្ដើមឡើងចាប់ពីវេលារសៀលថ្ងៃទី១២ខែមេសា ចំណែកឯការលេងល្បែង របាំ របស់ភូមិសង្ក្រាន្តនៅក្នុងតំបន់អង្គរធំនឹងចាប់ផ្ដើមប្រារព្ធឡើងចាប់ពីថ្ងៃទី១៣ខែមេសាតទៅ។

នៅក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ដែលនឹងប្រព្រឹត្តិចាប់ពីថ្ងៃទី១២ ដល់១៦ ខែមេសា ផ្លូវមួយចំនួនចូលទៅកាន់ក្រុងអង្គរធំនឹងត្រូវបិទមិនឱ្យរថយន្តធ្វើចរាចរណ៍បណ្ដោះអាសន្ន ដើម្បីយកទីធ្លារៀបចំធ្វើភូមិសង្ក្រាន្តនិងឱ្យប្រជាពលរដ្ឋបានទៅចូលរួមលេងកំសាន្តសប្បាយ។

យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា ឱ្យដឹងថាចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦ខែមេសាអាជ្ញាធរនឹងបិទផ្លូវចូលខ្លោងទ្វារជ័យ នៃប្រាសាទអង្គរធំ ព្រមទាំងបិទតំបន់ស្ពាននៃប្រាសាទតាកែវ ជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់សហភាពសហព័ន្ធយុវជនកម្ពុជា ឱ្យរៀបចំភូមិសង្ក្រាន្តនៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត នៅមុខប្រាសាទចៅសាយទេវតានិងប្រាសាទធម្មានន្ន អាចប្រព្រឹត្តទៅបានរលូន ដោយគ្មានឧបសគ្គ៕