(កំពង់ធំ)៖ ព្រះមង្គលសីលវ័ន្ត លីម វុឌ្ឍី ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូខេត្តានុរ័ក្ខ ព្រះអនុគណស្រុកតាំងគោក និងលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ព្រមទាំងសហការី នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ បាននិមន្ត-អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនចែកជូនអតីតយុទ្ធជនចំនួន១៤គ្រួសារ ដែលរស់នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីចូលរួមទំនុកបម្រុងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងនាមជាសម្ព័ន្ធមេត្រីភាពនឹងគ្នា។

នាឱកាសនោះ លោកអភិបាល ហាក់ ម៉ុងហួត បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់អតីតយុទ្ធជនទាំង១៤គ្រួសារខាងលើនោះផងដែរ។

លោកបានអំពាវនាវដល់អតីតយុទ្ធជនសូមបន្តចូលរួមជាមួយរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ក្នុងការថែរក្សាសុខសន្តិភាព ភាពសុខសាន្តក្នុងសង្គមជាតិ។

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណជាតិដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ ព្រះមង្គលសីលវ័ន្ត លីម វុឌ្ឍី និងលោកអភិបាលស្រុក ហាក់ ម៉ុងហួត ក៏បានអំពាវនាវដល់អតីតយុទ្ធជននិងគ្រួសារ ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមមានការប្រុងប្រយ័ត្នខ្ពស់ ដោយប្រកាន់ខ្ជាប់នូវវិធានការ ៣-កុំ ៣-ការពារ ដើម្បីកាត់ផ្ដាច់ការឆ្លងរាលជំងឺកូវីដ១៩ និងត្រូវបើកបរដោយត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ និងត្រូវចេះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក។

សូមជម្រាបថា អំណោយដែលបាននាំយកទៅចែកជូនអតីតយុទ្ធជនទាំង១៤គ្រួសារនាឱកាសនោះ រួមមានក្នុងមួយគ្រួសារទទួលបានថវិកា១០០,០០០រៀល អង្ករ៥០គីឡូ មី១កេស ទឹកត្រី ទឹកស៉ីអ៉ីវ ព្រមទាំងជូនកម្លាំងយោធាផ្នែកសឹករងស្រុកចំនួន៣៥០,០០០រៀលផងដែរ៕