(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកម្លាំងកងទ័ពតំបន់ប្រតិបត្តិការសឹករងស្រុកព្រៃឈរ និងកងកម្លាំងរុករកអដ្ឋិធាតុយុទ្ធជន កងទ័ពស្ម័គ្រចិត្តវៀតណាម។

លោកឧត្តមសេនីយ៍ទោ ហូ ពៅ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ចាម បានឱ្យដឹងថា កម្លាំងកងទ័ព នៃតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ចាម រួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន បានសហប្រតិបត្តិការយ៉ាងល្អជាមួយកងកម្លាំងរុករកអដ្ឋិធាតុយុទ្ធជន កងទ័ពស្ម័គ្រចិត្តវៀតណាម K70 ក្នុងសកម្មភាពរុករកអដ្ឋិធាតុយុទ្ធជន កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្រ្គាម នៅលើទឹកដីភូមិសាស្ត្រខេត្តកំពង់ចាមកន្លងទៅ រហូតមកដល់ពេលនេះគឺបានដំណើរការមានរយៈកាល ២១ឆ្នាំហើយ។

ដោយឡែកកងកម្លាំងរុករកអដ្ឋិធាតុ K70 នេះ បានបោះទីតាំងនៅក្នុងបរិវេណទីបញ្ជាការសឹករងស្រុកព្រៃឈរ ចាប់តាំងពី ឆ្នាំ២០១៨ រហូតមក ដោយសារការស្រាវជ្រាវមានផ្នូរច្រើន ត្រូវរុករកនៅតំបន់នេះ។ ប៉ុន្តែសម្រាប់ក្នុងឆ្នាំ២០២០-២០២១ កងកម្លាំងរុករកអដ្ឋិធាតុ K70 មិនបានធ្វើសកម្មភាពទេដោយសារបញ្ហាការរាលដាលនៃជំងឺកូវីដ១៩។ ហើយការចាប់ផ្ដើមសកម្មភាពរុករកអដ្ឋិធាតុជាថ្មីនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន គឺក្រុមការងារបានរកឃើញចំនួន៦ អដ្ឋិធាតុ។

លោក អ៊ុន ចាន់ដា បានយកឱកាសនោះ ថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រតិបត្តិការសឹករងស្រុកព្រៃឈរ ដែលបានចូលរួមសហការ ជាមួយកងកម្លាំង K70 បំពេញបេសកកម្មបានជោគជ័យ និងសូមជួយគាំទ្របន្តទៅមុខទៀត ធ្វើយ៉ាងណា ឱ្យការបំពេញការងាររបស់ក្រុមការងារ K70 ឱ្យទទួលបានលទ្ធផលល្អ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

ក្នុងនាមអាជ្ញាធរខេត្តកំពង់ចាម ដែលជាខេត្តសម្ព័ន្ធភាព ជាមួយខេត្តតៃនិញ ប្រទេសវៀតណាម អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានយកឱកាសនោះជូនពរដល់ក្រុមការងាររួមគ្នាទាំងកម្ពុជា និងវៀតណាម នៃកងកម្លាំង K70 គឺសូមឱ្យទេវតាឆ្នាំថ្មីជួយតាមថែរក្សា ឱ្យបានសេចក្តីសុខចម្រើន បំពេញការងារ ផឹកបានជោគជ័យ និងមានសុខភាពល្អ៕