(រតនគិរី)៖ ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្តរតនគិរីនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងវិថីសំខាន់ៗ ដើម្បីឱ្យទីក្រុងស្អាត បរិស្ថានល្អនិងនាំមកនូវសុខភាពល្អ។

យុទ្ធនាការនេះដឹកនាំដោយលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដោយមានការចូលរួមពីមន្រ្តីរាជការគ្រប់មន្ទីរស្ថាប័ន, កងកម្លាំងប្រដាប់អាវុធទាំង៣, អាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងប្អូនៗសិស្សានុសិស្ស, យុវជន ស.ស.យ.ក, យុវជនកាកបាទក្រហម និងសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព។

ថ្លែងនៅក្នុងយុទ្ធនាការនេះ លោកញ៉ែម សំអឿន បានលើកឡើងថា យុទ្ធនាការសម្អាតអនាម័យ និងបរិស្ថាននាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដែលធ្វើឱ្យក្រុងបានលុងរបស់យើង ក្លាយជាទីក្រុងគ្របដណ្តប់ដោយបរិស្ថានស្អាត មានបរិយាកាសល្អ និងបង្កើនការយល់ដឹង អំពីអនាម័យបរិស្ថានដល់សាធារណជន ក្នុងគោលបំណងបង្កើនបរិស្ថានស្អាត ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយអនាម័យល្អដែលនាំមកនូវសុខភាពល្អ។

លោកអភិបាលខេត្ត បានបន្តថា ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការសម្អាតអនាម័យបរិស្ថានឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការគ្រប់គ្រងសំរាម និងអនាម័យទីប្រជុំជន យើងត្រូវធ្វើការផ្សព្វផ្សាយ ទៅគ្រប់ភាគីស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍ និងវិស័យឯកជនទាំងអស់ ដើម្បីចូលរួមអនុវត្តឱ្យបានផុសផុល សំដៅឆ្ពោះទៅកាន់ទីក្រុងដែលមានអនាម័យបរិស្ថានស្អាត និងភូមិដ្ឋានគ្មានសំរាម។ ដូចនេះ ការរៀបចំយុទ្ធនាការនាពេលនេះ គឺជាកម្លាំងចលករមួយដ៏សំខាន់ ដើម្បីជំរុញចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈ ឱ្យចូលរួមធ្វើអនាម័យ ក៏ដូចជាបំផុសចលនាចូលរួមសម្អាតអនាម័យបរិស្ថាន តាមទីលំនៅដ្ឋានរៀងៗខ្លួន និងទីសាធារណៈដោយទុកដាក់សំរាម ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវប្រកបដោយការទទួលខុសត្រូវ៕