(ស្វាយរៀង)៖ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងស្វាយរៀង ឲ្យកាន់តែមានភាពទាក់ទាញក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលឈានចូលមកដល់នៅពេលខាងមុខនេះ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលក្រុងស្វាយរៀងដឹកនាំ ដោយលោក សរ សុដានី អភិបាលរងក្រុង បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យទីតាំងសង្ក្រានស្វាយរៀង នៅមាត់ទន្លេវៃគោ និងទីតាំងសំខាន់ៗមួយចំនួនទៀត ក្នុងការអប់រំដល់ប្រជាពលរដ្ឋកុំឲ្យចោលសំរាមពាសវាសពាសកាល ដែលនាំឲ្យបាត់បង់នូវសោភ័ណភាពនៅតាមដងផ្លូវនានា ក្នុងក្រុងស្វាយរៀង។

លោក សរ សុដានី បានថ្លែងថា ក្រោមស្នាដៃអភិវឌ្ឍរបស់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងស្វាយរៀង ក៏ដូចនៅទូទាំងខេត្ត មានការរីកចម្រើនគួរឲ្យកត់សម្គាល់ជាពិសេសមាត់ច្រាំងទន្លេវៃគោ បានស្ថាបនារួចរាល់បំពាក់ដោយឧបករណ៍ហាត់ប្រាណ និងសួនច្បាររីកស្រស់បំព្រង បានដាក់សម្ពោធឲ្យប្រើប្រាស់នាពេលថ្មីៗនេះ។

លោកបានបន្តថា មានទីតាំងដើរលេងកម្សាន្តស្អាតហើយសូមប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមថែរក្សាសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ដើម្បីទទួលអំណរឆ្នាំថ្មីទាំងអស់គ្នា និងជួយថែរក្សាមាត់ទន្លេវៃគោដ៏ស្រង់បំព្រង ដែលជាចំណងដៃជាប្រវត្តិសាស្ត្ររបស់ថ្នាក់ដឹកនាំរបស់យើង ដែលខំកសាងទុកជូនកូនចៅជំនាន់ក្រោយបានទទួលការកំសាន្ត ហាត់ប្រាណ ស្រូបយកខ្យល់អាកាស និងជាកន្លែងសម្រាប់ទាក់ទាញការមកកំសាន្តរបស់ភ្ញៀវទេសចរណ៍ ដែលបានជំរុញចំណូល លើកកម្ពស់កម្រិតជីវភាពដល់ប្រជាពលរដ្ឋផងដែរ។

លោកបានបញ្ជាក់ថា សមិទ្ធផលច្រាំងទន្លេវ៉ៃគោនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលទទួលបានពីផ្លែផ្កា នៃសុខសន្តិភាព ហើយបើគ្មានសន្តិភាព គឺមិនអាចមានការអភិវឌ្ឍបានឡើយដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាសុខសន្តិភាពឲ្យបានគង់វង្សយូរអង្វែង ដើម្បីមានឱកាសអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ទៀត៕