(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីបយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានចេញលិខិតមួយជម្រាបដល់អភិបាលរាជធានីខេត្ត អំពីការលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅក្នុងខេត្តចំនួន៤ ដែលរួមមានខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។

តាមរយៈលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេច លើកលែងនូវកាតព្វកិច្ចពាក់ម៉ាស់ នៅខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។

ដើម្បីធានាបាន នូវប្រសិទ្ធភាពនៃការអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលនេះ ក្រសួងសុខាភិបាលសូមស្នើដល់គណៈកម្មការប្រយុទ្ធ នឹងជំងឺកូវីដ-១៩ និងអាជ្ញាធរខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ត្រូវធ្វើការណែនាំដល់ សាធារណជនទាំងអស់នៅក្នុងភូមិសាស្ត្រស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អំពីការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ និង ការបន្តអនុវត្តវិធានការចំបាច់នានា ដូចខាងក្រោម៖

១៖ ប្រជាជនទាំងអស់ដែលរស់នៅក្នុងខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ និងប្រជាជនដែលធ្វើដំណើរពីរាជធានី-ខេត្តដទៃទៅកាន់ខេត្តទាំង៤ ពុំតម្រូវឱ្យពាក់ម៉ាស់ទៀតឡើយ ដោយប្រជាជន ទាំងអស់អាចជ្រើសរើសដោយខ្លួនឯងពីការបន្តពាក់ម៉ាស់ ឬមិនពាក់ម៉ាស់។ ប៉ុន្តែ កាតព្វកិច្ចពាក់ម៉ាស់នេះ ត្រូវបន្តអនុវត្ត សម្រាប់អ្នកជំងឺកូវីដ-១៩ និងអ្នកដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩។

២៖ ប្រជាជនដែលធ្វើដំណើរចេញពីភូមិសាស្ត្រខេត្តទាំង៤ ដែលត្រូវបានលើកលែងកាតព្វកិច្ចពាក់ម៉ាស់ ខាងលើ ក៏ដូចជាប្រជាជនទាំងអស់ដែលរស់នៅតាមបណ្តារាជធានី-ខេត្តដទៃទៀត ត្រូវបន្តអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ ដែលស្ថិតនៅក្នុងវិធានការសុខាភិបាល «៣ការពារ និងពាកុំ» ឱ្យបានខ្ជាប់ខ្ជួន រហូតដល់មានសេចក្ដីសម្រេចផ្សេងពីនេះ។

៣៖ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងអាជ្ញាធរខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ត្រូវយកចិត្តទុកដាក់លើការងារនេះ ដោយត្រូវត្រៀមក្រុមគ្រូពេទ្យ សម្ភារៈបរិក្ខារពេទ្យ និងឱសថ ព្យាបាលជំងឺកូវីដ-១៩ រួមទាំង ឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដើម្បីអាចឆ្លើយតបបានទា លេវេលា ក្នុងករណីដែលមានការផ្ទុះឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ជាយថាហេតុ ក្នុងចំណោមក្រុមប្រជាជននៅក្នុងទីតាំងណាមួយ ព្រមទាំងត្រូវចូលរួមសហការ និងរាយការណ៍ពីករណីសង្ស័យដែលអាចនាំឱ្យមានការផ្ទុះឡើងវិញនៃការឆ្លង វីរុសកូវីដ-១៩។ ជាមួយគ្នានេះ ប្រជាជននៅក្នុងខេត្តទាំង៤ ក៏ត្រូវប្រញាប់ធ្វើតេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង ក្នុងករណីមានការសង្ស័យ ដូចជាមានរោគសញ្ញាក្ដៅខ្លួន ក្អក ឬរោគសញ្ញាផ្លូវដង្ហើមផ្នែកខាងលើ (តឹងច្រមុះ ហៀរសំបោរ រមាស់ក ស្អកក ឈឺក ជាដើម)។

៤៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តទាំង៤ ត្រូវធ្វើរបាយការណ៍ប្រចាំថ្ងៃពីករណ៍វិជ្ជមានកូវីដ-១៩ ដែលរកឃើញតាំងពីចាប់ផ្តើមអនុវត្តការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នេះ រហូតដល់មានការណែនាំជាថ្មីទៀត ជូន ដល់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តទាំង៤ និងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល ដែលនាយកដ្ឋាននេះ នឹងត្រូវផ្តល់ទិន្នន័យពាក់ព័ន្ធជូនទៅអនុគណៈកម្មការវាយតម្លៃ ផែនការ និងយុទ្ធសាស្ត្រ ដើម្បី ធ្វើការតាមដានវាយតម្លៃស្ថានភាពនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ និងភាពសុំសហគមន៍។ គណៈកម្មការអន្តរ ក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នឹងធ្វើបច្ចុប្បន្នភាពពីលក្ខខណ្ឌលើកលែងកាតព្វកិច្ចពាក់ម៉ាស់នេះ យោងតាម ភាពចាំបាច់ និងស្ថានភាពវិវត្តន៍ជាក់ស្តែងនៃមេរោគកូវីដ-១៩៕