(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ បានផ្ដួចផ្ដើមរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងពិសារភោជនីយអាហារសាមគ្គី ហើយនឹងរាំលេងកំសាន្ដ ដើម្បីអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ស្ថិតនៅសាលាខណ្ឌ នាល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។

លោក ឯក ឃុនដឿន ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលប្រសើរថ្លៃថ្លានេះដែរ សូមលើកហត្ថបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ពិសេសទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព្រះនាមកិរិណីទេវី សូមព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រំ នូវសព្ទសាធុការពរជ័យគ្រប់ ប្រការចំពោះប្រធានក្រុមប្រឹក្សា គណៈអភិបាល គណៈនាយក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ចៅសង្កាត់ទាំង៧ មេភូមិទាំង៣០ ប្រធាន-អនុប្រធានការិយាល័យជុំនាញ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ទូទាំងខណ្ឌឫស្សីកែវ សូមទទួលបានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ បន្តដឹកនាំ និងអភិវឌ្ឍន៍ខណ្ឌ ឲ្យកាន់រីកចម្រើន និងលូតលាស់គ្រប់វិស័យ ក្រោមដំបូលនៃសន្តិភាព ហើយសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕