(តាកែវ)៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៧៖៥០នាទី មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) កើតឡើងនៅចំណុចភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យចំនួន២នាក់ ប្រើប្រាស់មធ្យោបាយម៉ូតូធុន C125 មួយគ្រឿង។

ជនសង្ស័យទាំងពីរនាក់នេះ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ របស់ជនរងគ្រោះឈ្មោះ ថៃ ខេមម៉ា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងខណៈពេលដែលជនរងគ្រោះដាក់ទូរស័ព្ទដៃ ក្នុងម៉ូតូរបស់ខ្លួន ជិះម៉ូតូលេងក្នុងភូមិ ក៏ជនសង្ស័យជិះម៉ូតូមកទន្ទឹម រួចធ្វើសកម្មភាពឆក់ទូរស័ព្ទ ជនរងគ្រោះម៉ាកអាយហ្វូន១១ យកទៅបាត់រួចជិះម៉ូតូគេចខ្លួន ទៅទិសខាងជើងបាត់ទៅ។

ក្រោយទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរហូតដល់កំណត់មុខសញ្ញាបាន។

លុះដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ដោយមានការចង្អុលបង្ហាញណែនាំពីលោកឧត្ដមសេនីយ៍ទោស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និង មានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានសហការ ជាមួយនិងកម្លាំងជំនាញ របស់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។

ក្នុងនោះ ឈានដល់ការឃាត់ខ្លួន ជនសង្ស័យបានម្នាក់ ឈ្មោះ សល់ សំអុល ហៅ ប៉ែន ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិជើងព្រៃទី២ ស្រុកអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅចំណុចផ្ទះ ជនសង្ស័យតែម្ដង រីឯបក្សពួកម្នាក់ទៀតឈ្មោះ ហេង សុខហុង ភេទប្រុស អាយុ១៧ ឆ្នាំ នៅភូមិជើងព្រៃទី២ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល គេចខ្លួនបាត់។

តាមចម្លើយជនសង្ស័យឈ្មោះ សល់ សំអុល ថាទូរស័ព្ទដែលឆក់បានខ្លួន និងបក្សពួកយកទៅលក់នៅផ្សារតាខ្មៅបានតម្លៃ៣០០ដុល្លារ ចែកគ្នា១៥០ដុល្លារម្នាក់ លុយយកទៅជក់ថ្នាំញៀនអស់៕