(ភ្នំពេញ)៖ នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២២នេះ លោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការ រង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ លឹម សុខា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ព្រមទាំងមន្រ្តីជំនាញនៃអង្គភាពទាំងពីរ បានប្រជុំពិភាក្សាគ្នាដើម្បីរៀបចំការងារចុះអប់រំផ្សព្វផ្សាយពីផលប៉ះពាល់ នៃសារធាតុញៀនដល់មន្រ្តីពន្ធនាគារនិងអ្នកជាប់ឃុំនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត។

ក្នុងឱកាសនោះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ លឹម សុខា បានឲ្យដឹងថា ការរៀបចំអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នៃសារធាតុញៀនដល់មន្រ្តីពន្ធនាគារ និងអ្នកជាប់ឃុំនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានីខេត្តនេះ គឺអនុវត្តតាមបទបញ្ជាលេខ០១.ប.ប ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការយុទ្ធសាស្ត្រ៥ឆ្នាំរបស់អគ្គនាយកដ្ឋានពន្ធនាគារ ២០១៩-២០២៣ ដែលត្រូវការកិច្ចសហការពីអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ ឯក ថោង សុគន្ធា បានសាទរ និងទទួលយកនូវសំណេីសុំកិច្ចសហការនេះ ដោយបានចាត់ទុកថា ជាកិច្ចការមួយដ៏ល្អ និងមានសារ:សំខាន់សម្រាប់ជួយដល់មន្រ្តី និងអ្នកជាប់ឃុំទាំងអស់ទទួលបាននូវព័ត៌មាន ឬចំណេះដឹងពាក់ព័ន្ធនឹងផលវិបាកដែលកេីតចេញពីបញ្ហាគ្រឿងញៀនដែលអាចជួយពួកគេអាចចៀសផុតពីបញ្ហាគ្រឿងញៀន និងអាចជួយផ្សព្វផ្សាយដល់មនុស្សជាទីស្រឡាញ់ ក្រោយពីពួកគេត្រូវបានឲ្យត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសារវិញ។

ជាមួយគ្នានេះ កិច្ចប្រជុំ បានឯកភាពគ្នាសហការរៀបចំនូវផែនការ និងមេរៀន សម្រាប់ដាក់បំពេញជាធាតុចូលឲ្យការងារផ្សព្វផ្សាយខាងលេី ទទួលបានប្រសិទ្ធភាព៕