(ភ្នំពេញ)៖ ជនជួញដូរ និងចែកចាយនូវសារធាតុញៀនម្នាក់ ត្រូវបានកម្លាំងនគរបាល ខណ្ឌជ្រោយចង្វារ សហការនិងកម្លាំង នគរបាលប៉ុស្ដិ៍ព្រែកលៀប បង្ក្រាបនិងឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីមានការសង្ស័យបានឆែកឆេររកឃើញថ្នាំញៀន ជាប្រភេទម៉ាទឹកកក ចំនួន៦កញ្ចប់ ដែលជនត្រូវជាប់សង្ស័យបានរក្សាលាក់ទុក ក្នុងកញ្ចប់បារីសម្រាប់ធ្វើសកម្មភាពជួញដូរ រួមទាំងដកហូតម៉ូតូ១គ្រឿង ព្រមទាំងទូរស័ព្ទចំនួន២គ្រឿង កាលពីវេលាម៉ោង ៨៖៣០នាទី ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចស្ពានលេខ១ តាមបណ្ដោយផ្លូវ ជាតិលេខ៦A  ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។

មន្ត្រីនគរបាលខណ្ឌជ្រោយចង្វារបានបញ្ជាក់ថា ជនត្រូវឃាត់ខ្លួនពាក់ព័ន្ធបទល្មើស ជួញដូរថ្នាំញៀនមានឈ្មោះ គីម ហៀង ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិឡឥដ្ឋ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

មន្ត្រីនគរបាលខណ្ឌជ្រោយចង្វារបានបញ្ជាក់ទៀតថា ក្នុងការបង្ក្រាបនិងឃាត់ខ្លួនជនត្រូវសង្ស័យខាងលើនេះ ខណៈដែលជននោះ ទើបតែមកពីទិញថ្នាំញៀន នៅសង្កាត់បឹងកក់ ខណ្ឌទួលគោក ដោយជិះបើកម៉ូតូត្រឡប់មកវិញតាម បណ្ដោយផ្លូវជាតិលេខ៦A ក្បែរស្ពានលេខ១ ក៏ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ព្រែកលៀប មានការសង្ស័យក៍ឃាត់និងឆែកឆេរ បានរកឃើញថ្នាំញៀនចំនួន៦កញ្ចប់តូច ដែលជនត្រូវជាប់សង្ស័យបានលាក់ទុកក្នុងកញ្ចប់បារីសម្រាប់ធ្វើសកម្មភាពជួញដូរនូវសារធាតុញៀនដោយខុសច្បាប់។ ដោយឡែក មធ្យោបាយធ្វើដំណើររបស់ជនសង្ស័យ មានម៉ូតូ១គ្រឿង ព្រមទាំងទូរស័ព្ទដៃចំនួន២គ្រឿង ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វារ ធ្វើការដកហូតផងដែរ។

មន្ត្រីនគរបាលបន្តថា បច្ចុប្បន្នជនត្រូវសង្ស័យរួមនិងវត្តុតាង ត្រូវបញ្ជូនទៅឃុំខ្លួនសាកសួរបន្ថែមនៅ អធិការដ្ឋាននគរបាលខណ្ឌ ជ្រោយចង្វារ ដើម្បីរៀបចំបន្តនិតិវិធីទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕