(ភ្នំពេញ)៖ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ បានប្រារព្ឋពិធីសូត្រមន្ត ចម្រើនព្រះបរិត និងប្រោះព្រំ តាមបន្ទប់ការិយាល័យ ដើម្បីសុំសិរីមង្គល និងជាការលើករាសី នាំមកនូវសេចក្តីសុខសប្បាយ រុងរឿងគ្រប់ៗមន្ត្រី ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២ នេះ។

ក្នុងឱកាសនោះលោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានជួបសំណេះសំណាលជាមួយលោក-លោកស្រីប្រធាន-អនុប្រធាន នៃមណ្ឌលឱកាសខ្ញុំ មន្ទីរសំចតព្រៃស្ពឺ កូលាប៤ និងរំាលេងកម្សាន្ត លេងល្បែងប្រជាប្រិយ ទទួលអំណរឆ្នាំថ្មី ។

ពិធីសូត្រមន្តចម្រើន ព្រះបរិត្ត ទៅតាមប្រពៃណី ព្រះពុទ្ធសាសនា ដ៏រុងរឿងនៃយើង ដោយសុំឧទ្ទិសកុសល ផលបុណ្យប្រកប ដោយក្តីសទ្ធាជ្រះថ្លា ជូនចំពោះដួងវិញ្ញាណក្ខន្ធ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ឋជន ដែលបានបាត់បង់អាយុជីវិតក្នុងបុព្វហេតុ ការពារប្រទេសជាតិ មាតុភូមិ ហើយសុំឲ្យដួងវិញ្ញាណក្ខន្ធអ្នកទាំងអស់នោះ បានរំដោះរួចចាកផុតពីកម្មពៀរវេរាទាំងឡាយ ។

បន្ទាប់ពីព្រះសង្ឃសូត្រមន្ត ចំរើនព្រះបរិត្ត រួចហើយ លោកស្រី និងមន្ត្រីរាជការ ក្រោមឱវាទ ក៏បាននាំគ្នាលេងល្បែងប្រជាប្រិយ ប្រពៃណីតាំងពីដូនតា ដែលបន្សល់ទុកជូនកូនចៅជំនាន់ក្រោយ បានស្គាល់ជាមោកជាតិខ្មែរផងដែរ ៕