(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ឆ្នាំ២០២២នេះ តាមការប៉ាន់ស្មានសេដ្ឋកិច្ចកម្ពុជា អាចមានកំណើន ក្នុងអត្រា៤.៨% ខណៈទំហំពាណិជ្ជកម្មអន្តរជាតិ មានប្រមាណជាង៤៥ ៥៧៦លានដុល្លារអាមេរិក។

នេះបើតាមសារលិខិតអបអរសាទរ របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។

ក្នុងសារលិខិត របស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ក្នុងឆ្នាំ២០២១កន្លងទៅ សេដ្ឋកិច្ចកម្ពុជា មានកំណើនប្រមាណ២.៤% ហើយសម្រាប់ឆ្នាំ២០២២នេះ តាមការប៉ាន់ស្មាន សេដ្ឋកិច្ចកម្ពុជា អាចមានកំណើនក្នុងអត្រា៤.៨%»

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងឆ្នាំ២០២១កន្លងទៅ និងរហូតមកដល់ជិតពាក់កណ្តាល ឆ្នាំ២០២២នេះ កម្ពុជាក៏ដូចបណ្តាប្រទេស នៅលើពិភពលោក បាននិងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ-១៩ មកលើបញ្ហា សុខភាព សង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជន ហើយថែមទាំងអាចបន្ទច់បង្អាក់ ដល់កិច្ចដំណើរការអភិវឌ្ឍឈានឡើងរបស់កម្ពុជាផងដែរ។

ជាមួយគ្នានេះ សម្ដេចតេជោ បានលើកឡើងថា កម្ពុជាបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ប្រកបដោយភាពប្រុងប្រយ័ត្ន និងធ្វើឲ្យសេដ្ឋកិច្ច មានស្ថិរភាព ហើយបានជំរុញ និងលើកកម្ពស់ការ ធ្វើពិពិធកម្មសេដ្ឋកិច្ច កាពប្រកួតប្រជែង ព្រមទាំងការផលិត និងការប្រើប្រាស់ក្នុងស្រុក។

ទំហំពាណិជ្ជកម្មអន្តរជាតិ មានប្រមាណជាង៤៥ ៥៧៦លានដុល្លារអាមេរិក ក្នុងនោះ ការនាំចេញមានប្រមាណជាង ១៧,៦៨២លាន ដុល្លារអាមេរិក។ អត្រាប្តូរប្រាក់មានស្ថិរភាព អត្រាអតិ-ផរណា ស្ថិតក្នុងកម្រិតទាប និងអាចគ្រប់គ្រងបានទុនបម្រុងអន្តរជាតិ បន្តកើនឡើង ដល់២១,៦ប៊ីលានដុល្លារ អាមេរិក។ នេះជាការគូសបញ្ជាក់បន្ថែម របស់សម្ដេចតេជោ ហ៊ុន សែន។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានប្រកាសពីការប្តេជ្ញាចិត្ត យ៉ាងមុតមាំក្នុងការកែទម្រង់ ឲ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តដល់វិនិយោគិន ឲ្យមកបោះទុននៅកម្ពុជាកាន់តែច្រើន ខណៈដែលយើងបានរៀបចំការសម្រួលពាណិជ្ជកម្ម ពង្រឹងភាពប្រកួតប្រជែង ជូនវិនិយោគិននៅកម្ពុជា ក្រោមដំបូលសន្តិភាព លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយមិនមានការរើសអើង។ ទន្ទឹមនេះ ច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលថ្មីៗនេះ នឹងរួមចំណែកបង្កើនបរិយាកាសវិនិយោគ ឲ្យកាន់តែមានភាពទាក់ទាញ និងប្រសើរជាងមុន។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ជាមធ្យមសម្រាប់មនុស្សម្នាក់កើនឡើងពី ១,៦៨៣ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ដល់ប្រមាណ១,៧៣០ដុល្លារអាមេរិក ក្នុងឆ្នាំ២០២១។

ទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏បានរៀបចំប្រាក់ចំណូលជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ឲ្យទទួលបាននូវប្រាក់បៀវត្សអប្បបរមា កើនដល់កម្រិតជាង១លាន១៧ម៉ឺនរៀល ហើយការបើកបៀវត្សបានអនុវត្តទាន់ពេលវេលា គឺបើក២ដង ក្នុងមួយខែតាមប្រព័ន្ធធនាគារ។

សូមបញ្ជាក់ផងដែរថា នៅឆ្នាំ២០២២នេះ ក៏ដូចជាឆ្នាំក្រោយៗទៀត ស្ថាប័នអន្តរជាតិសុទ្ធតែវាយតម្លៃ ពីការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។ ធនាគារពិភពលោក (World Bank) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងវិញ ៤.៥ភាគរយនៅឆ្នាំ២០២២នេះ, កើន ៥.៨ភាគរយ នៅឆ្នាំ២០២៣ និងកើនឡើង ៦.៦ភាគរយនៅឆ្នាំ២០២៤។ ចំណែកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ៥.៣ភាគរយនៅឆ្នាំ២០២២ និង៦.៥ភាគរយ នៅឆ្នាំ២០២៣៕