(មណ្ឌលគិរី)៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងកម្លាំងនគរបាលការពារការិយាល័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

កិច្ចប្រជុំនេះ ធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពី លោក លោកស្រីស្នងការរង, នាយការិយាល័យជំនាញ, អធិការនគរបាលក្រុង ស្រុកទាំងប្រាំ, មេបញ្ជាការវរការពារព្រំដែនគោកទាំងពីរ, នាយប៉ុស្តិ៍រដ្ឋបាលទាំង២១ ឃុំ សង្កាត់ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ បានជំរុញឲ្យគ្រប់ផ្នែកជំនាញទាំងអស់ ព្រមទាំងលោកអធិការនគរបាលក្រុងស្រុកទាំងប្រាំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំសង្កាត់ ខិតខំយកចិត្តទុកដាក់ថែរក្សាការពារ សន្តិសុខសណ្ដាប់ធ្នាប់ ក្នុងកាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ខាងមុខ ឲ្យបានល្អប្រសើរ និងត្រូវពិនិត្យឲ្យបានច្បាស់លាស់ទៅលើគណបក្សនយោបាយ ក្នុងការងារសន្តិសុខ និងធានាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកាបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខនេះ។

មុននឹងបញ្ចប់ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ក៏បានប្រគល់ជូននៅម៉ាស៉ីន សម្រាប់ធ្វើអត្តសញ្ញាណប័ណ្ណជូនដល់អធិការនគរបាលក្រុង ស្រុកទាំងប្រាំ និងបានប្រគល់នៅកុំព្យូទ័រក្នុងមួយស្រុកមួយគ្រឿង ដល់លោកអធិការនគរបាលក្រុងស្រុកទាំង០៥ផងដែរ៕