(ភ្នំពេញ)៖ ដោយមានការអនុញ្ញាត លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណចនាសហជីព នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ លោក សោម អូន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសមាជិកគណចលនាសហជីព បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គី អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខ។

ពិធីនេះរៀបចំដោយសហភាពសិទ្ធិកម្មករកម្ពុជា (CCWR) ដោយមានការចូលរួមពីថ្នាក់ដឹកនាំសហព័ន្ឋសហជីព-សមាគម ជាសមាជិកសហភាពសិទ្ឋិកម្មករកម្ពុជា ព្រមទាំងមានកាចូលរួមជាកិត្តិយសពីសំណាក់ប្រធាន និងបណ្តាអនុប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា។

នៅក្នុងឱកាសនោះ លោក សោម អូន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកបណ្ឌិត អ៉ិត សំហេង ដែលជានិច្ចកាលតែងតែគិតគូរយកចិត្តទុកដាក់ និងដោះស្រាយបញ្ហា ឬកង្វល់របស់កម្មករនិយោជិត សហជីព និងនិយោជក។ លោកក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំរបស់សហព័ន្ធសហជីព-សមាគម ជាសមាជិកសហភាពសិទ្ធិកម្មករកម្ពុជាទាំងអស់ ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករ និងបានចូលរួមអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តិឲ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ ក៏ដូចជីវភាពរស់នៅសមរម្យរបស់កម្មករនិយោជិត។

លោក សោម អូន បានអំពាវនាវដល់សកម្មជនសហជីព ឬសកម្មជនសាខាបក្ស នៃសមាជិកសភាពសិទ្ធិកម្មករកម្ពុជាទាំងអស់ ត្រូវបន្តផ្សព្វផ្សាយអនុសាសន៍គន្លឹះ១០ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យមានប្រសិទ្ធិភាពខ្ពស់ សំដៅធ្វើឲ្យកាន់តែប្រសើរឡើងនូវលក្ខខណ្ឌការងារ សុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ការពារសិទ្ធិការងារ និងការគាំពារសង្គម ស្របតាមបាវចនា «រោងចក្រសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ដែលអនុសាសន៍ជាគន្លឹះទាំង១០ ចំណុចរបស់សម្តេចតេជោ មានខ្លឹមសារដូចតទៅ៖

*ទី១៖ បន្តពង្រឹង ការអនុវត្តច្បាប់ស្ដីពីប្រាក់ឈ្នួល អប្បបរមា និងជំរុញឲ្យគ្រប់រោងចក្រទាំងអស់អនុវត្តការបើកប្រាក់ឈ្នួល និងបើក២ដង ក្នុងមួយខែ ដែលកន្លងមកយើងឃើញថា បានជួយធានាដល់ការធ្វើឲ្យប្រសើរឡើងនូវជីវភាពរបស់កម្មករនិយោជិត កាត់បន្ថយបាននូវបញ្ហាកូដកម្ម បាតុកម្ម។

*ទី២៖ បន្តពង្រឹងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់កម្មករនិយោជិត ជាពិសេសកម្មករនិយោជិត នៃសហគ្រាសធុនតូច និងមធ្យមដោយលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យមទៅធ្វើជាសៀវភៅការងារ និងប័ណ្ណសំគាល់កម្មករនិយោជិតខ្មែរ ដើម្បីកត់ត្រាចលនាចេញចូលបុគ្គលិក, អតីតភាពការងារ, កម្រិតជំនាញសមត្ថភាព, តួនាទី និងស្នាដៃ និងប្រវត្តិជំងឺវិជ្ជាជីវៈរបស់កម្មករនិយោជិត ក៏ដូចជាដើម្បីធ្វើជាមូលដ្ឋានក្នុងការចុះបញ្ជីជាមួយ ប.ស.ស។

*ទី៣៖ បន្តតាមដានការអនុវត្តការបើកប្រាក់ឈ្នួល១២០ភាគរយ និងឈប់សម្រាករយៈពេល៣ខែ ក្នុងពេលសម្រាលកូនរបស់កម្មការិនី។

*ទី៤៖ បន្តផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មការិនី នៅពេលសម្រាលកូនទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធដោយផ្ដល់ជូនកូន១នាក់ ថវិកា៤០ម៉ឺនរៀល, កូន២នាក់ ៨០ម៉ឺនរៀល និងកូន៣នាក់ ១.២លានរៀល ព្រមទាំងថវិកាបន្ថែមចំនួន៥លានរៀលពី សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់។

*ទី៥៖ បន្តផ្សព្វផ្សាយអំពីការយកចិត្តទុកដាក់របស់គណបក្ស ក្នុងការផ្ដល់របបថែទាំសុខភាពជូនកម្មករនិយោជិត និងបន្តគោលនយោបាយឲ្យនិយោជកបង់ភាគទានសន្តិសុខសង្គមផ្នែកថែទាំសុខភាព១០០ភាគរយ ជំនួសកម្មករនិយោជិត ព្រមទាំងពង្រឹងការអនុវត្តលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ (OSH) នៅតាមរោងចក្រ សហគ្រាស។

*ទី៦៖ បន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការតបណ្តាញអគ្គិសនី និងទឹកនៅតាមផ្ទះជួលក្នុងតម្លៃសមរម្យ ការអនុវត្តច្បាប់ភតិសន្យាពិសេស (ច្បាប់បន្ទប់ជួល) ដើម្បីជួយសម្រួលដល់ជីវភាពរបស់កម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធ ជាពិសេសតំបន់ដែលមានការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩។

*ទី៧៖ បន្តពង្រឹងការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងដាក់ឲ្យដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននៅត្រីមាសទី១ ឆ្នាំ២០២២។

*ទី៨៖ បន្តជំរុញលើកទឹកចិត្តឲ្យកម្មករនិយោជិត និងនិយោជក ប្រើយន្តការចរចាផ្ទៃក្នុង ដើម្បីកំណត់នីតិវិធី និងកាលបរិច្ឆេទជាក់លាក់នៃការទូទាត់ប្រាក់បំណាច់អតីតភាពការងារ និងផ្សះផ្សាវិវាទការងារ ស្របតាមស្ថានភាពរោងចក្រ សហគ្រាស និងអាជីវកម្មរបស់ខ្លួនដើម្បីរក្សាបាននូវនិរ្តភាពការងារ និងភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

*ទី៩៖ បន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដោះស្រាយបញ្ហាសុវត្ថិភាពដឹកជញ្ជូនរបស់កម្មករនិយោជិត ដោយសិក្សាលទ្ធភាពបង្កើនប្រាក់ឧបត្ថម្ភការធ្វើដំណើរផ្ទាល់ពីនិយោជក ទៅអ្នកផ្ដល់សេវាដឹកជញ្ជូន ជាថ្នូរនឹងការរៀបចំកែសម្រួលមធ្យោបាយដឹកជញ្ជូន។ ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមរយៈការពង្រីកការអប់រំច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបររថយន្តដឹកកម្មករនិយោជិត និងបង្កើនការផាកពិន័យ ដល់អ្នកដឹកសេវាដឹកជញ្ជូនទាំងឡាយ ដែលមិនកែសម្រួលលក្ខខណ្ឌ និងគុណភាពមធ្យោបាយដឹកជញ្ជូនរបស់ខ្លួនឲ្យស្របតាមលក្ខណៈបច្ចេកទេស។

*ទី១០៖ បន្តពង្រឹងកិច្ចសហការជាមួយប្រទេសជាដៃគូរ រួមមាន ថៃ ម៉ាឡេស៊ី កូរ៉េ ជប៉ុន ហុងកុង សិង្ហបុរី និងប្រទេសផ្សេងទៀត ដើម្បីផ្ដល់ឱកាសការងារជូនពលករ ការពារសិទ្ធិ ផលប្រយោជន៍ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពលករ ក៏ដូចជាបង្កលក្ខណសម្បត្តិឲ្យបងប្អូនទទួលបានការផ្ទេររបបសន្តិសុខសង្គម និងការទទួលស្គាល់ជំនាញពេលវិលត្រឡប់មកមាតុប្រទេសវិញ៕