(ត្បូងឃ្មុំ)៖ «អំពើល្អរបស់យើង សមិទ្ធនានាដែលរាជរដ្ឋាភិបាលបានស្ថាបនាឡើង និងសច្ចភាពប្រវត្តិសាស្ត្រ នឹងត្រូវទទួលបានការតបស្នង ពីសំណាក់ប្រជាពលរដ្ឋយើង»។ នេះជាការលើកឡើងរបស់លោក អ៊ាង សុផល្លែត មន្ត្រីគណបក្សប្រជាជនកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយប្រធានក្រុមបក្សឃុំគងជ័យ និងឃុំទួលសូភី នាព្រឹកថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ ។

លោក អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានជួបសំណេះសំណាលជាមួយប្រធានក្រុមបក្សឃុំគងជ័យ និងឃុំទួលសូភី ដោយមានការចូលរួមពីសំណាក់ សមាជិកគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង២ គណៈកម្មាធិការគណបក្សស្រុក និងគណៈកម្មាធិការគណបក្សឃុំទាំង២។

បន្ទាប់ពីបានសំណេះសំណាល និងចែករំលែកព័ត៌មានសមិទ្ធផលនានា ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធដែលបានស្ថាបនាឡើង និងការអភិវឌ្ឍក្នុងមូលដ្ឋានឃុំ លោកប្រធានបានជំរុញលើកទឹកចិត្តថា «សូមសមាជិកបក្ស ជួយផ្សព្វផ្សាយបន្តនូវស្នាដៃ សមិទ្ធដែលរាជរដ្ឋាភិបាល និងក្រុមការងារបានកសាងស្ថាបនាឡើង បន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ចូលរួមសកម្មភាពសង្គម និងចូលរួមអនុវត្តទិសដៅអភិវឌ្ឍរបស់រាជរដ្ឋាភិបាលដែលរួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង ឱ្យសម្រេចបានតាមការរពឹងទុក»

បន្ថែមពីលើនេះ លោកក៏លើកឡើងអំពីសារសំខាន់មួយទៀតគឺ សច្ចភាពប្រវត្តិសាស្ត្រ ដែលសម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានយកជីវិតធ្វើជាដើមទុនដើម្បីរំដោះប្រជាជាតិពីរបបប្រល័យពូជសាសន៍ប៉ុលពត កសាងសន្តិភាព និងអភិវឌ្ឍន៍ជាតិមាតុភូមិមកដល់សព្វថ្ងៃនេះ ដែលជាការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃ ជាគុណបំណាច់ដែលត្រូវទទួលបានការតបស្នងសងគុណពីប្រជាពលរដ្ឋខ្មែរយើងដែលមានវប្បធម៌ចែករំលែក និងដឹងគុណចំពោះអ្នកមានគុណ៕