(សំបូរ-ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្ត ក្រចេះ រួមជាមួយសហការី បានចូលរួមក្នុងកម្មវិធី វេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យការអនុវត្ត គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព នៅក្នុងឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។

វេទិកានេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ នៅបរិវេណវត្តសិរីពោធិរុក្ខារាម សណ្តាន់ ស្ថិតក្នុងឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រី ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ប្រធានក្រុម ការងារក្រុង ស្រុកទាំង០៦ ក្នុងខេត្ត ប្រធានក្រុមការងារឃុំទាំងអស់ក្នុងស្រុកសំបូរ មន្ត្រីនិងសមត្ថកិច្ចជំនាញខេត្ត ស្រុក ក្រុមប្រឹក្សាឃុំ មេឃុំទាំង៥ក្នុងស្រុកសំបូរ មេភូមិទាំង៤ក្នុងឃុំសណ្តាន់ ព្រមទាំងអាជ្ញាធរ និងមន្ត្រីមូលដ្ឋានសរុបមានអ្នកចូលរួម ចំនួន ៣៣០នាក់។

បន្ទាប់ពីបានស្ដាប់របាយការណ៍របស់លោក គីវ ផល្លា មេឃុំសណ្តាន់ ស្ដីពីស្ថានភាពទូទៅក្នុងឃុំសណ្តាន់ និង ការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពក្នុងរយៈពេលកន្លងទៅរួចមក លោក រដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងមតិបើកវេទិកាដោយបានលើកសរសើរ និងអរគុណដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរ មូលដ្ឋាន ដែលបានមកចូលរួមវេទិកាដ៏មានសារសំខាន់នេះ ដើម្បីស្វែងយល់ អំពីបញ្ហានានារបស់មូលដ្ឋាន និងដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមចំពោះមុខឱ្យបានទាន់ពេលវេលា សម្រាប់ជាគុណប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោក រដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោត សរសើរបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានដែល បានចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាល ក្រោមមគ្គុទេសក៍ដឹកនាំប្រកបដោយគតិ បណ្ឌិតដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងចលនាជាតិប្រយុទ្ធទប់ ស្កាត់ និងគ្រប់គ្រង យកឈ្នះជំងឺកូវីដ១៩ តាមរយៈវិធានការសុខាភិបាល «៣ការពារ ៣កុំ» និង ការ ចូលរួមទទួលយកការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដើម្បីកសាងភាពសុំាក្នុងសហគមន៍ ដែលបានធ្វើឱ្យយើងមានលទ្ធភាពបើកដំណើរការសេដ្ឋកិច្ច -សង្គមជាប្រក្រតីឡើងវិញដូចសព្វថ្ងៃ ។

ក្នុងកម្មវិធីបើកចំហសម្រាប់ការចូលរួមពិភាក្សា លើកយោបល់ពីបញ្ហានានា នៅក្នុងមូលដ្ឋានដែល ពាក់ព័ន្ធផ្ទាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូច ជាសំណូមពរទាំងឡាយ ដើម្បីដោះស្រាយទុក្ខកង្វល់ ការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ វេទិកាទទួលបាននូវបញ្ហាទាំងឡាយដែលបានលើកឡើងដោយប្រជាពលរដ្ឋរួមមានជាអាទិ៍៖

- ការផ្តល់សេវាសាធារណៈ ជាលិខិតស្នាម រដ្ឋបាលរបស់សាលាឃុំមានលក្ខណៈយឺតយ៉ាវ និងពេលខ្លះមានការទារកំរៃក្រៅ។

- ប្រសិទ្ធភាពនៃការបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង ជល់មាន់ និងឆក់ត្រី នៅក្នុងមូលដ្ឋានភូមិ-ឃុំនៅមានកំរិត។

- បញ្ហាទំនាស់ដីធ្លីនៅក្នុងសហគមន៍ជនជាតិដើមភាគតិចព្នង នៅតែកើតមានឡើងមិនទាន់អាច ដោះស្រាយបាន។

- មុខរបរសិប្បកម្ម និង ការប្រកបអាជីវកម្មតូចតាច ក្នុងមូលដ្ឋានត្រូវទទួលគំនាបពីសមត្ថកិច្ចជំនាញ នានាឱ្យបង់ប្រាក់។ល។

បញ្ហាទាំងឡាយខាងលើត្រូវបានបកស្រាយបំភ្លឺ និងប្តេជ្ញាកែប្រែដោះស្រាយពីសំណាក់ស្មៀនឃុំ អធិការនគរបាលស្រុក និងអភិបាលស្រុក។

ជាទីបញ្ចប់ លោករដ្ឋមន្រ្តីប្រធានក្រុមការងារខេត្តក្រចេះ បានធ្វើការបូកសរុបលទ្ធផលនៃវេទិកា សាធារណៈ ដែលបង្កបាននូវបរិយាកាសយោគយល់ និងសាមគ្គីភាពនៅមូលដ្ឋានឃុំសណ្តាន់ សំដៅរួមគ្នាពង្រឹងបុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិដោយជឿជាក់លើការដឹកនាំ របស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដើម្បីអនាគតល្អប្រសើររបស់ប្រទេសជាតិ និងប្រជាជនយើង ៕