(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ការវិនិយោគក្នុងវិស័យអប់រំ គឺជាការវិនិយោគសម្រាប់ការ កែប្រែមុខមាត់ប្រទេសកម្ពុជាទៅថ្ងៃអនាគត់ និងជាវិនិយោគទៅលើសន្តិសុខសេដ្ឋកិច្ចជាតិ ដើម្បីពង្រីកលើផ្នែកចំណេះដឹងលើការអនុវត្តន៍ជាក់ស្តែង ដែលអាច ជួយឱ្យសិស្សអាចធ្វើការងារស្វែងរកប្រាក់ចំណូល ដើម្បីចិញ្ចឹមជីវិត ចិញ្ចឹមគ្រួសារ និងការជួយដល់សហគមន៍។

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានលើកឡើងដូចនេះនាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២នេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រថ្នាកបរិញ្ញាបត្រ ជូនជ័យលាភី កម្មវិធីលើកកម្ពស់គុណវុឌ្ឍគណៈគ្រប់គ្រងសាលារៀនជំនាន់ទី១ និងជំនាន់ទី ២ និងកម្មវិធីលើកកម្ពស់ គុណវុឌ្ឍគ្រូបង្រៀនជំនាន់ទី ២ និងទី៣ ចំនួនជាង ៣០០នាក់។

លោករដ្ឋមន្រ្តី បានអះអាងទៀតថា នាពេលបច្ចុប្បន្ននេះ ក្រសួងអប់រំកំពុងធ្វើការកែរទម្រង់ជាច្រើន ដើម្បីធ្វើការលើកកម្ពស់ដល់ការសិក្សារបស់សិស្ស ជាមួយនោះក្រសួង ក៏បានធ្វើការកែទម្រង់កម្មវិធីសិក្សាជាច្រើនសម្រាប់គ្រូបង្រៀន ជាក់ស្តែងកម្មវិធីលើកកម្ពស់គុណវុឌ្ឍគណៈគ្រប់គ្រងសាលារៀន និងកម្មវិធីលើកកម្ពស់គុណវុឌ្ឍគ្រូបង្រៀន ដែលជាការផ្តល់ឱកាសឱ្យលោកគ្រូ អ្នកគ្រូ និងអ្នកគ្រប់គ្រងនៅសាលារៀន បានតម្រង់ទិសនៃការសិក្សាឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញក្នុងការជម្រុញការអភិវឌ្ឍធនធានមនុស្ស។

លោករដ្ឋមន្រ្តីក្រសួងអប់រំ បានអះអាងទៀតថា តាមរយៈគម្រោងកែទម្រង់កម្មវិធីសិក្សាជាច្រើនសម្រាប់គ្រូបង្រៀននេះ បានកែប្រែមុខមាត់សាលារៀន និងបានបង្កើតនូវ បរិស្ថានអំណោយផលនៅតាមសាលារៀន ដើម្បីឲ្យសិស្សានុសិស្សរៀនសូត្រទទួលបានចំណេះដឹងពិតប្រាកដ ទាំងចំណេះដឹងលើផ្នែកមុខវិជ្ជា ចំណេះដឹងលើការស្វែករក ប្រាក់ចំណូល និងបានពង្រីកចំណេះដឹងទៅដល់សហគមន៍ លើការកែលម្អសាលារៀនទាំងមូល។

លោក ហង់ ជួនណារ៉ុន បន្តលើកឡើងថា ចំណែកជុំវិញការសិក្សានៅក្នុងស្ថានភាពនៃការរីករាលដាលជម្ងឺកូវីដ ១៩ នេះ លោកគ្រូអ្នកគ្រូ និងអ្នកគ្រប់គ្រងសាលា បានចូលរួមយ៉ាងសំខាន់ និងបានប្រែក្លាយវិបត្តិកូវីដនេះឲ្យក្លាយទៅជាឱកាសនៃការប្រើប្រាស់បច្ចេកវិទ្យាលើការបង្រៀន និងការរៀនសូត្ររបស់សិស្ស ។

លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានបញ្ជាក់ទៀតថា ចំពោះលោកគ្រូ អ្នកគ្រូដែលមិនបានចូលក្នុងគម្រោងនេះ នឹងអាចទទួលបាននូវផលជះពីគម្រោងនេះ ផងដែរ ដើម្បីជួយកែលម្អនៃវិធីសាស្រ្តបង្រៀន និងការជួយចែករំលែកនូវបទពិសោធន៍ល្អៗ ក្នុងទិសដៅឲ្យសិស្សានុសិស្សបានរៀនសូត្រ និងការទទួលបានចំណេះដឹងពិតប្រាកដ។
បន្ថែមពីនេះអ្នកគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ក៏បានចូលរួមយ៉ាងសំខាន់ និងបានប្រែក្លាយវិបត្តិកូវីដឱ្យក្លាយទៅជាឱកាសនៃការប្រើប្រាស់បច្ចេកវិទ្យា លើការបង្រៀនផងដែរ។

សូមបញ្ជាក់ថា៖ តាមរយៈការបណ្តុះបណ្តាលក្នុងកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន បានជ្រើសរើសគណៈគ្រប់គ្រងសាលារៀននៅកម្រិតមធ្យមសិក្សា ដែលមានសាលាគោលដៅចំនួន១០០ សាលារៀនក្រៅគោលដៅសរុបចំនួន២០១សាលារៀន និងអ្នកសិក្សាមកពីនាយកដ្ឋានអប់រំសរុបចំនួន៥ និងគ្រឹះស្ថាន បណ្តុះបណ្តាល គ្រូបង្រៀនជាង ៣០អង្គភាពនៅទូទាំងប្រទេសប្រទេសកម្ពុជា។ កម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រង សលារៀន និងកម្មកម្មវិធីលើកកម្ពស់ គុណវុឌ្ឍិ គ្រូបង្រៀន ក្រោមគម្រោងកែលម្អការអប់រំនៅមធ្យមសិក្សា បានដាក់ឱ្យអនុវត្តនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានរយៈពេល ៥ឆ្នាំ គីចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ៕