(ព្រះសីហនុ)៖ ខណៈដែលរាជរដ្ឋាភិបាលបានអះអាងថា «កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងផ្ដល់ភាពកក់ក្ដៅ» នោះ ក្រសួងទេសចរណ៍ក៏បានវាយតម្លៃដែរថា «ខេត្តព្រះសីហនុ ក៏ជាគោលដៅទេសចរណ៍គុណភាព សុវត្ថិភាព និងផ្តល់ភាពកក់ក្តៅ» មួយដែរនៅក្នុងប្រទេសកម្ពុជា ដែលភ្ញៀវទេសចរជាតិ-អន្តរជាតិអាចមកទស្សនា និងសម្រាកកម្សាន្តប្រកបដោយសុវត្ថិភាព និងភាពកក់ក្ដៅ។

ដើម្បីផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ទាំងនេះឱ្យកាន់តែទូលំទូលាយ លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោករដ្ឋមន្ត្រី ថោង ខុន រួមជាមួយតំណាងរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរទេសចរណ៍ខេត្ត អង្គភាពជំនាញជុំវិញខេត្ត រួមទាំងអាជីវករ ប្រតិបត្តិករទេសចរណ៍តំបន់ឆ្នេរក្នុងខេត្តព្រះសីហនុផងនោះ បានរៀបចំពិធីផ្សព្វផ្សាយស្តីពីការចូលរួមគាំទ្រដល់ខេត្តព្រះសីហនុជាគោលដៅទេសចរណ៍គុណភាព សុវត្ថិភាព និងផ្តល់ភាពកក់ក្តៅ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២។

អ្វីដែលលោកអនុរដ្ឋលេខាធិការ នី ផល្លី បានសង្កត់ធ្ងន់នោះគឺ «សន្តិភាពគឺជាមូលដ្ឋានគ្រឹះ និងជាកត្តាកំណត់សម្រាប់វិបុលភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍»។ ពិធីសារនេះក៏ទទួលបានការគាំទ្រពីអង្គពិធីយ៉ាងពេញទំហឹងផងដែរ ខណៈគ្រប់គ្នាបានប្តេជ្ញារួមគ្នាក្នុងការបន្តចូលរួមថែរក្សាសន្តិភាព។

ជាមួយគ្នានោះ លោកអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានផ្តាំផ្ញើដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលមានមន្ទីរ និងអង្គភាពជំនាញជាសេនាធិការ ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងកាន់តែសកម្មចុះផ្សព្វផ្សាយ អប់រំ និងជំរុញដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងស្តង់ដាប្រតិបត្តិអប្បបរមា (SOP) និងវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន សំដៅលើកកម្ពស់កិត្យានុភាពខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព។

លោកថា ប្រសិនក្រសួង-ស្ថាប័នពាន់ព័ន្ធ រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរទេសចរណ៍ខេត្ត អង្គភាពជំនាញជុំវិញខេត្ត រួមទាំងអាជីវករ ប្រតិបត្តិករទេសចរណ៍សហការចូលរួមអនុវត្តកិច្ចការងារនេះបានល្អប្រសើរ នោះនឹងរឹតតែជួយទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនា និងសម្រាកកម្សាន្តក្នុងខេត្តព្រះសីហនុកាន់តែច្រើនឡើងបន្ថែមទៀត ព្រមទាំងបង្កើនជំនឿទុកចិត្តរបស់ភ្ញៀវទេសចរ និងប្រជាជនទូទៅផងដែរ។

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍រូបនេះក៏មិនភ្លេចណែនាំបន្ថែមឱ្យរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរទេសចរណ៍ខេត្ត អង្គភាពជំនាញ ពិសេសមូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុ ប្រតិបត្តិទេសចរណ៍នៅតាមឆ្នេរ-កោះជាដើម ត្រូវត្រៀមខ្លួនរួចរាល់សម្រាប់ការគ្រប់គ្រង និងទទួលទេសចរនាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ និងត្រូវត្រៀមខ្លួនសម្រាប់ការរៀបចំពិធីបុណ្យសមុទ្រ ក៏ដូចជាកិច្ចប្រជុំអន្តរជាតិសំខាន់ៗកម្រិតពិភពលោកនានានៅពេលខាងមុខផងដែរ៕