(ព្រះសីហនុ)៖ «កងទ័ព គឺជាឆ្អឹងខ្នងរបស់កម្ពុជាយូរអង្វែងទៅមុខទៀត យើងមិនអាចធ្វេសប្រហែសបានទេ ហើយយើងក៏មិនមានជម្រើសក្រៅពីធ្វើយ៉ាងណារក្សាបាននូវ ឧត្តមប្រយោជន៍ជាតិរបស់យើង»។ នេះជាការលើកឡើងរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ដល់នាយនាវី នាយនាវីរង និងពលនាវិក មូលដ្ឋានសមុទ្ររាម នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ, លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ ព្រមទាំងលោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី ជាសមាជិកក្រុមការងារ និងនាយនាវី នាវីរង ពលនាវិក ជាច្រើននាក់ទៀត។

លោក សាយ សំអាល់ បានលើកឡើងទៀតថា «ពិតណាស់យើងអាចមានជំនឿសាសនាខុសគ្នា មានទស្សនៈខុសគ្នា ទស្សនៈនយោបាយខុសគ្នា ប៉ុន្តែអ្វីដែលសំខាន់ គឺតួនាទីភារកិច្ចរបស់យើងជាកងទ័ព យើងត្រូវធ្វើអ្វី? នេះជារឿងសំខាន់។ កងទ័ពរបស់កម្ពុជា ជាកូន ជាចៅ របស់ប្រជាជន ហើយមានតែកងទ័ពទេ គឺជាឆ្មាំចាំយាមអាយុជីវិតជាតិរបស់យើង។ ក្នុងគោលការណ៍មន្ត្រីរាជការស៊ីវិល ក៏ដូចជាកងទ័ព គឺដូចគ្នា។ យើងធ្វើការដើម្បីបម្រើឧត្តមប្រយោជន៍ប្រទេសរបស់យើង ប្រជាជនយើង ហើយធ្វើការជាមួយគណបក្សណាដែលជាប់ឆ្នោត»

លោករដ្ឋមន្ដ្រី សាយ សំអាល់ បានរំលឹកថា បើងាកត្រឡប់ទៅប្រវត្តិសាស្ត្ររបស់ខ្មែរ៥០០ឆ្នាំមុន យើងមិនដែលមានពេលណាដែលមានរដ្ឋាភិបាលតែមួយ រដ្ឋធម្មនុញ្ញតែមួយ ហើយក៏មិនដែលបានឯកភាពទឹកដីដូចពេលនេះដែរ។ យើងមានរដ្ឋាភិបាលតែមួយ មានសុខសន្តិភាព ស្ថេរភាពនេះ ក៏ដោយសារនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលធ្វើឲ្យយើងមានឱកាសកសាងអភិវឌ្ឍប្រទេស។

ជាមួយគ្នានេះដែរ យុទ្ធជនរបស់កម្ពុជា ក៏បានពលីជាច្រើនផងដែរ ក្នុងដំណើរស្វែងរកសន្តិភាពនៅកម្ពុជា។ លោកបានសង្កត់ធ្ងន់ថា កម្ពុជា ជាប្រទេសមួយដែលធ្លាប់ងើបពីសង្គ្រាម ពីគំនរឆ្អឹង និងថ្លុកឈាម ហេតុនេះ បើរក្សាបាននូវសន្តិភាព និងស្ថេរភាពនយោបាយដែលកំពុងមានបច្ចុប្បន្ននេះ នោះអនាគតរបស់កម្ពុជា នឹងកាន់តែល្អប្រសើរ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរឆ្នាំថ្មី លោក សាយ សំអាល់ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្តេចទាំងពីរ ប្រគល់ជូនដល់អង្គភាព និងនាយនាវី នាយនាវីរង ពលនាវិក ដែលមកចូលរួមជាងមួយពាន់នាក់ផងដែរ៕