(កំពង់ស្ពឺ)៖ «បៃតងសង្ក្រាន្ត មិនមែនត្រឹមតែជាព្រឹត្តិការណ៍អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងបង្ហាញពីវប្បធម៌សិល្បៈប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសនៃការបណ្តុះស្មារតីពលរដ្ឋឱ្យចេះគោរពស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិកាន់តែខ្លាំង ព្រមទាំងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន បង្កើតមុខរបរ និងបង្កើនចំណូលសម្រាប់ជីវ ភាពរស់នៅរបស់ពលរដ្ឋនៅមូលដ្ឋានតាមរយៈទេសចរណ៍ធម្មជាតិ និងការប្រកបមុខរបរផ្សេងៗ»។

នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមជាអធិបតីបើកព្រឹត្តិការណ៍ «បៃតងសង្ក្រាន្ត» រៀបចំដោយក្រុមយុវជនស្ម័គ្រចិត្តជួយសង្គមបៃតងវ៉ររៀរស៍។

ពិធីបើកព្រឹត្តិការណ៍បៃតងសង្គ្រាន្តនៅឯទំនប់ពាមល្វា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក៏មានការអញ្ជើញចូលរួមជាអធិបតីពីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តកំពង់ស្ពឺ និងក្រុមសិល្បៈករសិល្បការិនីល្បីៗជាច្រើនរូប និងជាព្រឹត្តិការណ៍ដើម្បីបង្កើនការកម្សាន្តសប្បាយរបស់ពលរដ្ឋនៅមូលដ្ឋាន និងបំផុសឱ្យមានការចូលរួមលើកកម្ពស់វប្បធម៌ជាតិ និងថែរក្សាធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ។

ធនធានធម្មជាតិដែលលោកបានថ្លែងថា មានសារៈសំខាន់ដែលមនុស្ស និងជីវៈចម្រុះផ្សេងទៀតត្រូវការចាំបាច់ដើម្បីជីវិតរស់។ នៅក្នុងឃុំត្រពាំងជោរ មានព្រៃសហគមន៍ និងមានបឹងធម្មជាតិដ៏ពោរពេញដោយសក្តានុ ពលទេសចរណ៍ ត្រូវបានក្រុមយុវជនស្ម័គ្រចិត្តជួយសង្គមបៃតងវ៉ររៀរស៍ បានចូលរួមជួយរៀបចំ និងអភិវឌ្ឍផែនការដើម្បីជួយចូល រួមលើកកម្ពស់ជីវភាពពលរដ្ឋនៅតំបន់ នោះតាមរយៈទេសចរណ៍ធម្មជាតិ និងកាត់បន្ថយការពឹងអាស្រ័យលើធនធានធម្មជាតិដើម្បីជីវភាពប្រចាំថ្ងៃ។ ចំពោះគំនិតផ្តួចផ្តើមនេះត្រូវបានគាំទ្រដោយក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ស្ពឺ។

លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «សម្រាប់ពលរដ្ឋនៅឃុំទំពាំងជោរ មានកេរមតកធម្មជាតិគឺបឹងពាមល្វា ព្រៃសហគមន៍ មានព្រៃភ្នំព័ទ្ធជុំវិញដែលនេះ គឺជាសម្បត្តិធម្មជាតិ ដ៏មានតម្លៃដែលអាចទាញបានផល ប្រយោជន៍មិនចេះរីងស្ងួតពីទេសចរណ៍ធម្មជាតិ បង្កើតមុខរបរថ្មីជូនដល់ពលរដ្ឋនៅមូលដ្ឋាន»។

នាឱកាសនោះដែរ លោកក៏បានអំពាវនាវដល់ពលរដ្ឋចូលរួមគ្នាការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃដែល មាន នៅតំបន់នេះ ត្រូវធ្វើយ៉ាងណារក្សាការពារឱ្យបាននូវសម្រស់ធម្មជាតិនៅតំបន់នេះ កុំឱ្យបាត់បង់ដើម្បីប្រភពចំណូលពីទេសចរណ៍ធម្មជាតិ។

នៅក្នុងព្រឹត្តិការណ៍ «បៃតងសង្ក្រាន្ត» មានការរៀបចំតូបបង្ហាញផលិតផល របស់សហគមន៍ ដើម្បីបង្ហាញដល់អ្នកចូលរួមអំពីប្រភេទមុខម្ហូប និងផលិត ផលផ្សេងៗដែលអ្នកឃុំត្រពាំងជោរ មាន។ មិនតែប៉ុណ្ណោះ ក៏មានការរៀបចំតាំងស្នាដៃសិល្បៈដែលកែច្នៃពីសំណល់សំរាមប្លាស្ទិក និងសំណល់ផ្សេងទៀតដ៏គួរឱ្យទាក់ទាញ ព្រមទាំងមានការតាំងពិព័រណ៌ពីអន្ទាក់ កាំភ្លើងកែច្នៃ រណារយន្ត ដែលជាឧបករណ៍បំផ្លិចបំផ្លាញធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ។

លោក តាន់ គឹមសួរ ប្រធានគម្រោងព្រឹត្តិការណ៍បៃតងសង្ក្រាន្ត បានថ្លែងថា ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងអត្ថន័យដ៏ជ្រាលជ្រៅដើម្បីរួមចំណែកក្នុងការលើកស្ទួយវប្បធម៌ និងអភិរក្សព្រៃឈើកម្ពុជា ក៏ដូចជាចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

លោក តាន់ គឹមសួរ បានបញ្ជាក់ថា ព្រឹត្តិការណ៍បៃតងសង្ក្រាន្ត គឺជាចលនាមួយនៃការផ្សាភ្ជាប់រវាងមនុស្ស និងមនុស្ស មនុស្សនិងធម្មជាតិ មនុស្ស និងសិល្បៈ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរ និងបណ្ដុះមនសិការយុវជនឱ្យចេះស្រឡាញ់ អភិរក្ស ថែរក្សា និងអភិវឌ្ឍសម្បត្តិធម្មជាតិ មរតកវប្បធម៌ជាតិ។

ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍បៃតងសង្ក្រាន្តនេះដែរ លោក សរ ពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានវាយតម្លៃខ្ពស់ចំពោះគំនិត ផ្តួចផ្តើមរៀបចំបៃតងសង្ក្រាន្តនេះឡើងដោយលោកបានថ្លែងថា ព្រឹត្តិការណ៍នេះបាននិងកំពុងតែប្រែក្លាយពីតំបន់ដែលឮសំឡេងរណារយន្តកាប់បំផ្លាញព្រៃឈើ ទៅជាកន្លែងសប្បាយរីករាយ។

លោកបានបន្តថា ក្នុងនាមរដ្ឋបាលខេត្តកំពង់ស្ពឺ សូមគាំទ្រចំពោះគំនិតផ្តួចផ្តើមទាំងឡាយក្នុងការជំរុញឱ្យតំបន់បឹងពាមល្វា ក្លាយជាទីកន្លែងទេសចរណ៍ដ៏ទាក់ទាញមួយបន្ថែមទៀតសម្រាប់គោលដៅទេសចរណ៍។

ជាមួយគ្នានេះដែរ តំណាងក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ ក៏បានបង្ហាញការគាំទ្រចំពោះព្រឹត្តិការណ៍ បៃតងសង្ក្រាន្តនេះដែរ៕