(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងឱកាសអញ្ជើញបិទវគ្គបំប៉នជំនាភ្នាក់ងារសន្ដិសុខឯកជន លើកទី៣៥ នៅខេត្តព្រះសីហនុ បានណែនាំឲ្យភ្នាក់ងារសន្តិសុខឯកជន ត្រូវរាយការណ៍អំពីសកម្មភាពបទល្មើស ដូចជាបទល្មើស គ្រឿងញៀន បង្ខាំងមនុស្សខុសច្បាប់ ការប្រើប្រាស់អំពីហិង្សា និងការរំលោភបំពានលើកុមារ និងស្ត្រីជាដើម នៅតាមបណ្តាគោលដៅរបស់ខ្លួន ពិសេសកាស៊ីណូ បុរី ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងតំបន់សេដ្ឋកិច្ចពិសេស។

ក្នុងពិធីនៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានគូសបញ្ជាក់ថា វិស័យសន្តិសុខឯកជន ក៏ជាវិស័យដ៏សំខាន់មួយ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក៏ដូចជាការពារផលប្រយោជន៍ជាតិ និងការអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះវិស័យសន្តិសុខឯកជន ត្រូវទាមទារនូវគុណភាពខ្ពស់ ដើម្បីឆ្លើយតបតាមតម្រូវការនាសម័យនេះ ដែលជាសម័យមួយពោពេញទៅដោយការអភិវឌ្ឍ និងការរីកចម្រើនជាលំដាប់។

បើតាមលោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង ដោយសារកត្តានេះហើយ បានជាអគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់ខ្ពស់លើវិស័យសន្តិសុខឯកជន ដើម្បីគាំពារ និងគាំទ្រនូវវិស័យនេះឲ្យមាននិរន្តភាព ស្ថេរភាព និងការអភិវឌ្ឍ។ ទើបធ្វើឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាត់ឲ្យនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន រៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជននេះ ហើយក៏ជាលើកទី៣៥ផងដែរ ដែលកន្លងមកបានធ្វើការបណ្តុះបណ្តាល និងបំប៉នជំនាញ ដល់ភ្នាក់ងារសន្តិសុខឯកជន ចំនួន៦,០២៣នាក់ មិនទាន់បូករួមទាំងវគ្គបំប៉ននេះ។

លោកបានបន្ដថា ភ្នាក់ងារសន្តិសុខឯកជន ពុំមែនមានតួរនាទីត្រឹមតែជាអ្នកការពារទ្រព្យសម្បត្តិឯកជន ឬសហគ្រាសគ្រឹះស្ថានឯកជនប៉ុណ្ណោះទេ តែក៏មានកាតព្វកិច្ចចូលរួមការពារទ្រព្យសម្បត្តិសាធាណៈ សន្តិសុខសង្គម និងអាយុជីវិតរបស់ប្រជាពលរដ្ឋផងដែរ ជាពិសេសមានតួនាទីជា កម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច។ ប្រសិនបើ ភ្នាក់ងារសន្តិសុខឯកជន បានឃើញ ឬសង្ស័យលើសម្មភាពល្មើសច្បាប់ណាមួយ ត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច ឬក្នុងករណីបទល្មើសជាក់ស្តែង ភ្នាក់ងារសន្តិសុខ ក៏មានសិទ្ធិជួយជាកម្លាំងជំនួយ ក្នុងការជួយឃាត់ជនល្មើស ហើយត្រូវរាយការណ៍ភ្លាមដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីប្រគល់ជននោះឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

បន្ថែមពីនេះ លោកក៏បានអំពាវនាវដល់ភ្នាក់ងារសន្តិសុខឯកជន ពិសេសនូវគោលដៅ កាស៊ីណូ បុរី ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងតំបន់សេដ្ឋកិច្ចពិសេស ត្រូវមានការហ្វឹកហាត់ជំនាញ បង្ការ និងពន្លត់អគី្គភ័យ និងកិច្ចការងារតាមដានត្រួតពិនិត្យជនសង្ស័យ ដែលមានបំណងចង់ប្រព្រឹត្តបទល្មើសនៅគោលដៅរបស់យើង និងជាពិសេសត្រូវយកចិត្តទុកដាក់ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចជាប់ជាប្រចាំ។

លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ក៏លើកទឹកចិត្តឲ្យសិក្ខាកាមទាំងអស់ យកចំណេះដឹងដែលទទួលបានពេលនេះ ទៅផ្សព្វផ្សាយ និងចែករំលែកបន្តដល់សហសេវិករបស់បងប្អូន ឬប្រជាពលរដ្ឋដ៏ទៃទៀតឲ្យបានយល់អំពី សារៈសំខាន់ នៃការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល៕