(តាកែវ)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី ប៉ែន ចន្ទី បានអញ្ជើញជាអធិបតីក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេន និងប្រកាសព្រះរាជក្រឹត្យតែងតាំងព្រះមង្គលទិព្វលោកវង្ស៊ី កែវ សារ៉ន ជាព្រះមេគណខេត្តតាកែវ និងសំណេះសំណាលជាមួយព្រះសង្ឃ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅក្នុងមន្ទីរពុទ្ធសីមាវត្ត ស្ថិតនៅភូមិសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២។

ក្នុងព្រះរាជក្រឹត្យតែងតែងអានដោយសម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹម ប៊ុនឈា អនុប្រធានថេរសភានៃពុទ្ធសាសនា បានប្រកាសតែងតាំងព្រះមង្គលទិព្វលោករង្សី កែវ សាវ៉ន ព្រះមេគណខេត្តតាកែវ ឡើងទៅជាព្រះវិន័យសំវរ ព្រះរាជាគណៈថ្នាក់ចត្វា គណៈមហានិកាយនៃកម្ពុជា។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានថ្លែងថា វិស័យសាសនា ជាសាសនារបស់រដ្ឋ។ កន្លងមកនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ កសាងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ជាមួយគ្នានេះ វិធានការយ៉ាងហ្មត់ចត់ និងម៉ឺងមាត់ក្នុងអំឡុងពេលជួបវិបត្តិជាសកលនៃជំងឺកូវីដ-១៩ ដែលបានកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាននានា និងអាចរស់នៅបានជាមួយនឹងជំងឺកូវីដ-១៩ ប្រកបដោយសុវត្ថិភាព ដោយកំណត់យកការចាក់វ៉ាក់សាំងជាយុទ្ធសាស្ត្រគន្លឹះ ដើម្បីបង្កើតភាពសាំក្នុងសហគមន៍ ព្រមទាំងបានដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រ ដើម្បីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដោយធានាភាពធន់សហគមន៍ទៅនឹងជំងឺកូវីដ-១៩ ចាកចេញពីវិបត្តិនេះ និងរៀនរស់នៅតាមគន្លងប្រក្រតីភាពថ្មី។

លោក ហ៊ីង ប៊ុនហៀង បានផ្តាំផ្ញើដល់អាជ្ញាធរដែនដីកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ត្រូវបន្តរួមគ្នាការពារសុខសន្តិភាពឲ្យគង់វង្សយូរអង្វែង ការពាររាជរដ្ឋាភិបាល ចូលរួមការកសាងអភិវឌ្ឍន៍ប្រទេសជាតិ និងការការពារជំងឺកូវីដ១៩។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោកស្រី បាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនវត្តតុំនូវបច្ច័យ១ម៉ឺនដុល្លា និងប្រាក់រៀល៣លានរៀល។ ប្រគេនព្រះសង្ឃ៣៣០អង្គ ក្នុង១អង្គៗទេយ្យយទាន១កញ្ចប់ និងបច្ច័យ១០ម៉ឺនរៀល។ ឧបត្ថម្ភក្រុងដូនកែវ២លានរៀល។ គណបក្សក្រុងកំព្យូទ័រ១គឿង ព្រីនថឺរ១គ្រឿង និងម៉ាស៊ីនថតចម្លង១គ្រឿង។ សង្កាត់៣ ក្នុង១សង្កាត់ៗ កំព្យូទ័រ១គ្រឿង ព្រីនថឺរ១គ្រឿង និងម៉ាស៊ីនថតចម្លង១គ្រឿង និងថវិកា២លានរៀល។ បឋមសិក្សាតុំ កំព្យូទ័រ១គ្រឿង ព្រីនថឺរ១គ្រឿង និងម៉ាស៊ីនថតចម្លង១គ្រឿង និងអនុវិទ្យាល័យតុំ កំព្យូទ័រ១គ្រឿង ព្រីនថឺរ១គ្រឿង និងម៉ាស៊ីនថតចម្លង១គ្រឿង។ ចែកជូនតាជីយាយជី និងបានឧបត្ថម្ភក្រុមប្រឹក្សាក្រុង សង្កាត់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូបទៀតផងដែរ៕