(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Pauline Tamesis អ្នកសម្របសម្រួលប្រព័ន្ធអ.ស.ប.ប្រចាំកម្ពុជា នៅថ្ងៃនេះ បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ហើយមានការប្តេជ្ញាចិត្តដូចគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អបន្ថែមទៀត។

ក្នុងខណៈដែលលោកស្រី ចូលជួបជម្រាបលា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្រ្តី បានសម្តែងការអបអរសាទរចំពោះការបញ្ចប់បេសកកម្មប្រកបដោយជោគជ័យរបស់ លោកស្រី Pauline Tamesis នៅក្នុងប្រទេសកម្ពុជា និងបានអះអាងជាថ្មីម្តងទៀតពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអ.ស.ប.ដូចបានបង្ហាញអោយឃើញក្នុងការរៀបចំកិច្ចសន្ទនាប្រចាំឆ្នាំជាមួយទីភ្នាក់ងារ អ.ស.ប. ប្រចាំកម្ពុជាដោយ សម្តេចតេជោហ៊ុន សែន លើកលែងតែឆ្នាំទៅ ដោយសារតែការរីករាលដាលនៃជម្ងឺកូវីដ១៩។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានសម្តែងការកោតសរសើរចំពោះទីភ្នាក់ងារអ.ស.ប.ប្រចាំកម្ពុជា ក្នុងការផ្តល់ ជំនួយដ៏មានតម្លៃ រួមមានជំនួយផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងប្រតិបត្តិការនានា ព្រមទាំងវ៉ាក់សាំងដ៏ច្រើនសន្ធឹកសន្ធាប់ តាមរយៈយន្តការ COVAX និងឧបករណ៍វេជ្ជសាស្រ្តផ្សេងទៀតដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងការរាតត្បាតជម្ងឺកូវីដ១៩។

លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីមោទនភាពរបស់កម្ពុជាដែលបានជាប់ចំណាត់ថ្នាក់លេខ២ ក្នុងតំបន់អាស៊ីប៉ា-ស៊ីហ្វិកសម្រាប់ការចាក់វ៉ាក់សាំង ប្រកបដោយជោគជ័យ ដែលនេះបានអនុញ្ញាតឱ្យរាជរដ្ឋាភិបាល បើកប្រទេសឡើងវិញចាប់តាំងពីខែវិច្ឆិកាឆ្នាំទៅ។

លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់អ.ស.ប.ដល់ប្រទេសកម្ពុជា ដែលបានក្លាយជាអ្នកចូលរួមចំណែកដ៏សំខាន់ដល់បេសកកម្មថែរក្សាសន្តិភាពរបស់អ.ស.ប. នៅទូទាំងពិភពលោក ដោយបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាជាង៨០០០នាក់ ចូលរួមក្នុងបេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ តាំងពីឆ្នាំ២០០៦មក ដែលបានធ្វើឲ្យកម្ពុជាជាប់ចំណាត់ថ្នាក់ទី២៨ ក្នុងចំណោមប្រទេសចូលរួមចំនួន១២២ និងចំណាត់ថ្នាក់លេខ២ ក្នុងអាស៊ានអំពីចំនួនស្រ្ដីចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អ.ស.ប.។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការគាំទ្រយ៉ាងមុតមាំរបស់អ.ស.ប. ជួយដល់កម្ពុជាក្នុងការអនុវត្តការប្តេជ្ញាចិត្តរបស់ខ្លួនលើសកម្មភាពអាកាសធាតុ និងក្នុងការរៀបចំសេចក្តីព្រាងច្បាប់ និងគោលនយោបាយផ្សេងៗ ព្រមទាំងគោលការណ៍ណែនាំបច្ចេកទេសដើម្បីបង្កើនការបំពេញមុខងាររបស់ស្ថាប័នសាធារណៈ និងការអនុវត្តសិទ្ធិមនុស្ស។

លោក ប្រាក់ សុខុន និងលោកស្រី Pauline Tamesis ក៏បានពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-អ.ស.ប និងការចូលរួមរបស់ឯកឧត្ដមអគ្គលេខាធិការអ.ស.ប.ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អ.ស.ប.លើកទី១២ ដែលនឹងប្រារព្វឡើងក្នុងទម្រង់រូបវន្ត (physical format) ក្នុងប្រទេសកម្ពុជានៅឆ្នាំនេះ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា ។

លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីវិស័យមួយចំនួនដែលត្រូវយកចិត្តទុកដាក់នៅក្នុងកិច្ចប្រជុំកំពូល រួមមានក្របខណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ការបន្ស៊ីគ្នារវាងទស្សនៈវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥និងការអភិវឌ្ឍប្រកបដោយចីរភាព ជាមួយនិងរបៀបវារៈគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ របៀបវារៈស្រ្តី សន្តិភាព និងសន្តិសុខ ការការពារបរិស្ថាន ការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យមីន ពលករទេសន្តរប្រវេសន៍ ជាដើម។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានរំលឹកពីទស្សនៈកិច្ចលើកទីមួយរបស់ឯកឧត្ដមទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការជួយមីយ៉ាន់ម៉ា ចាកចេញពីវិបត្តិបច្ចុប្បន្នរបស់ខ្លួន និងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា។

លោកស្រី Pauline Tamesis បានកោតសរសើរអំពីការអភិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ច ការរួមចំណែកដ៏សំខាន់ដល់កិច្ចខិតខំថែរក្សាសន្តិភាពអន្តរជាតិរបស់កម្ពុជា ភាពជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដែលឈានទៅរកការបើកប្រទេសពេញលេញឡើងវិញ និងបានគូសបញ្ជាក់ពីការគាំទ្រដ៏រឹងម៉ាំរបស់អ.ស.ប.សម្រាប់ការបង្កើតយុទ្ធសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្ពោះទៅកាន់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ខ្លួន។

លោកស្រី ក៏បានសម្តែងការកោតសរសើរ និងការដឹងគុណសម្រាប់កិច្ចសហប្រតិបត្តិការ ការគាំទ្រ និងការសម្របសម្រួលដែលបានផ្តល់ជូនក្រុមទីភ្នាក់ងារអ.ស.ប.ប្រចាំកម្ពុជា ដោយរាជរដ្ឋាភិបាល ជាពិសេសក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕