(ភ្នំពេញ)៖ រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍៥ចំណុច ដោយចូលរួមរំលែកទុក្ខចំពោះការស្លាប់ប្រជាជនស្លូតត្រង់ នៅទីក្រុងប៊ូចា ប្រទេសអ៊ុយក្រែន។

ក្នុងសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន រដ្ឋមន្រ្តីការបរទេសអាស៊ាន បានបញ្ជាក់ដូចតទៅ៖

១៖ យើង, រដ្ឋមន្ត្រីការបរទេសអាស៊ាន សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតចំពោះប្រជាជនអ៊ុយក្រែន ស្ដីពីរបាយការណ៍នៃការសម្លាប់ ជនស៊ីវិលនៅក្នុងប្រទេសអ៊ុយក្រែន។ យើងទាំងអស់គ្នាសូមកាន់ទុក្ខជាមួយក្រុមគ្រួសារសាច់ញាតិ ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ ពួកគេនៅក្នុងជម្លោះ។

២៖ យើងគាំទ្រការអំពាវនាវរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ ឱ្យបើកការស៊ើបអង្កេតជុំវិញការចោទប្រកាន់ពីការប្រព្រឹត្តអំពើសាហាវ ឃោរឃៅប្រឆាំងជនស៊ីវិលស្លូតត្រង់ ក្នុងនោះរួមមានទាំងក្នុងទីក្រុងប៊ូចា ដើម្បីទប់ស្កាត់កុំឱ្យរឿងបែបនេះកើតឡើងច្រំដែល និងដើម្បីយុត្តិធម៌។

៣៖ យើងក៏សូមសង្កត់ធ្ងន់ផងដែរពីសារៈសំខាន់នៃច្រកផ្លូវមនុស្សធម៌ ដែលអនុញ្ញាតឱ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាពទៅកាន់ប្រទេសអ៊ុយក្រែន។

៤៖ យើងសូមអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងសហគមន៍អន្តរជាតិ ដើម្បីបញ្ឈប់ និងបញ្ចៀស ឱ្យបាននូវរាល់ការវាយប្រយុទ្ធគ្នា ហើយខ្នះខ្នែងបិទបញ្ចប់ មិនមែនធ្វើឱ្យជម្លោះកាន់តែរីកធំ និងការបង្ហូរឈាមគ្នានោះទេ។

៥៖ យើងសូមបញ្ជាក់ឡើងវិញពីការអំពាវនាវរបស់យើង ឱ្យមានបទឈប់បាញ់ជាបន្ទាន់ ហើយបន្តកិច្ចសន្ទនានយោបាយគ្រប់ជ្រុងជ្រោយ ដែលនឹងនាំទៅរកសន្តិភាពជាចីរភាពនៅក្នុងប្រទេសអ៊ុយក្រែន។

សូមបញ្ជាក់ថា អ៊ុយក្រែន កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានចោទប្រកាន់ថា កងទ័ពរុស្ស៉ី បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ក្នុងទីក្រុង Bucha បន្ទាប់ពីសាកសពជនស៊ីវិលជាង ៤០០នាក់ ត្រូវបានគេប្រទះឃើញនៅតាមទីក្រុងជាច្រើន ក្បែរទីក្រុង Kyiv។ ប៉ុន្តែរុស្ស៉ី បានច្រានចោលការចោទប្រកាន់នេះ ដោយហៅរូបភាពនៃសាកសពនៅក្នុងទីក្រុង Bucha ដែលបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលនោះថាជា «រូបភាពក្លែងបន្លំ» ដែលរៀបចំឡើងដោយ បណ្ដាប្រទេសលោកខាងលិច និងអ៊ុយក្រែន ក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្លួន៕