(បាត់ដំបង)៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយទីភ្នាក់ងារ JICA នឹងរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់នូវអគារ និងសមិទ្ធផលនានានៅវិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ នៅវិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង ក្នុងទីរួមខេត្តបាត់ដំបង។

ពិធីសម្ពោធនឹងរៀបចំឡើង ក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ការីម៉ាតា អាស៊ុស៉ី ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២។

ការកែលម្អអគារ និងហេដ្ឋារចនាសម្ព័ន្ធនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញនេះ ត្រូវបានអនុវត្តឡើងក្រោម គម្រោងសាងសាង់វិទ្យាសា្ថនគរុកោសល្យ (The Project for the Construction of Teacher Education Colleges) ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់ រាជរដ្ឋាភិបាលនៃប្រទេសជប៉ុន តាមរយៈ ទីភ្នាក់ងារ JICA។

គម្រោងនេះ មានគោលបំណងពង្រឹងមូលដ្ឋានជារូបវ័ន្តចំាបាច់សម្រាប់វិទ្យាស្ថានគរុកោសល្យចំនួនពីរ គឺនៅរាជធានីភ្នំពេញ និងបាត់ដំបង ដើម្បីប្រែក្លាយខ្លួនជាគ្រឹះស្ថានអប់រំគ្រូបង្រៀនថ្នាក់បរិញ្ញាប័ត្ររយៈពេល ៤ឆ្នាំ ដោយពង្រីក និងកែលម្អនូវអគារ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលបម្រើដល់ការបណ្តុះបណ្តាលគ្រូបង្រៀន និងផ្តល់សម្ភារៈចាំបាច់សម្រាប់ការបង្រៀន។ តាមការរំពឹងទុក គម្រោងនេះនឹងចូលរួមចំណែកក្នុងការបង្កើនគុណភាពការអប់រំនៅបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ តាមរយៈការបង្កើនគុណភាពរបស់គ្រូបង្រៀន។

គម្រោងនេះបានសាងសង់អគារថ្មីចំនួន ០៥ រួមមាន៖ អគាររដ្ឋបាល, អគារសិក្សា, អគារបណ្ណាល័យ, និងសាលពហុបំណង អន្តេវាសិកដ្ឋាន ព្រមទាំងបំពាក់នូវសម្ភារៈសំខាន់ៗ សម្រាប់បន្ទប់ពិសោធន៍វិទ្យាសាស្រ្ត, បន្ទប់កុំព្យូទ័រ, និងបន្ទប់តន្រ្តីនិងសិល្បៈ ដើម្បីបម្រើរដល់ការរៀននិងបង្រៀនឱ្យកាន់តែប្រសើរឡើង។

ក្រៅពីគម្រោងជំនួយហិរញ្ញប្បទាននេះ ទីភ្នាក់ងារ JICA និងក្រសួងអប់រំ យុវជន និងកីឡាក៏បាននិងកំពុងអនុវត្តគម្រោងជំនួយបច្ចេកទេស សម្រាប់ការកសាងមូលដ្ឋានគ្រឹះ ដល់វិទ្យាស្ថានគរុកោសល្យទាំងពីរ ដោយអភិវឌ្ឍនូវកម្មវិធីសិក្សាលម្អិតសម្រាប់ការអប់រំបរិញ្ញាប័ត្រ, សម្ភារៈសម្រាប់បង្រៀន និងការប្រឡង, ប្រព័ន្ធគ្រប់គ្រងរបស់វិទ្យាស្ថាន, ក៏ដូចជាការកសាងឯកសារយុទ្ធសាស្រ្តសម្រាប់ដំឡើងគុណវុឌ្ឍិគ្រូបង្រៀន។

គម្រោងក៏បានផ្តោតជាពិសេសលើការអភិវឌ្ឍសមត្ថភាពរបស់គ្រូឧទេ្ទស រួមមានសមត្ថភាពដើម្បីធ្វើការស្រាវជ្រាវអប់រំ និងអភិវឌ្ឍកម្មវិធីសិក្សា និងកម្មវិធីអាហាររូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិតនៅប្រទេសជប៉ុន។

កិច្ចសហការដ៏ល្អនេះ នឹងចូលរួមចំណែកយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ ក៏ដូចជារបស់ដៃគូអភិវឌ្ឍក្នុងការឆ្លើយតបទៅនឹងតម្រូវការជាអាទិភាព សម្រាប់កំណែទម្រង់ការអប់រំគ្រូបង្រៀននៅកម្ពុជា៕