(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសេចក្តីប្រកាសព័ត៌មាន ស្តីអំពីពិធីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តជាផ្លូវការនូវ «ផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២។

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ពិធីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១០៖៣០ព្រឹក ក្រោមអធិបតីអធិបតីភាព របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិ អភិវឌ្ឍន៍ទេសចរណ៍ តាមប្រព័ន្ធ វីដេអូពីចម្ងាយ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ស្ថានទូត រដ្ឋបាលរាជធានីខេត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។

រាជរដ្ឋាភិបាលកម្ពុជា បានពិនិត្យឃើញពីសារៈសំខាន់ និងភាពចាំបាច់ ក្នុងការរៀបចំ និងដាក់ឲ្យអនុវត្តនូវ «ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី (២០២១-២០៣៥)» ដើម្បីជាត្រីវិស័យចង្អុលបង្ហាញយន្តការ និងទិសដៅយុទ្ធសាស្រ្តសំខាន់ៗ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី ឆ្លើយតបទៅនឹងចក្ខុវិស័យ នៃការអភិវឌ្ឍជាតិក្នុងរយៈពេល (២០២១-២០៣៥) និងបណ្តាឆ្នាំខាងមុខ ព្រមទាំងរួមចំណែកអភិវឌ្ឍ តំបន់ភូមិភាគឥសាន្ត ដែលមានខេត្តមណ្ឌលគិរីជាស្នូល ឲ្យក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា។

ការផ្សាយផ្ទាល់នូវពិធីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តជាផ្លូវការនូវ «ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី» នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១០៖៣០ព្រឹក តាមរយៈទំព័រហ្វេសប៊ុក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងទេសចរណ៍ និងសារព័ត៌មាន Fresh News៕