(កោះកុង)៖ អាជ្ញាធរស្រុកបូទុមសាគរ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ បានផ្តល់អំពូលភ្លើងសូឡាប្រើប្រាស់ថាមពលព្រះអាទិត្យ ចំនួន៤០០អំពូលបន្ថែមទៀត ដល់ឃុំចំនួន៤ស្ថិត ក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីហេដ្ឋារចនាបំភ្លឺតាមដងផ្លូវសាធារណៈឲ្យមានសោភ័ណ្ឌ អបអរសាទរថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានបញ្ជាក់ថា អំពូលភ្លើងសូឡាប្រើប្រាស់ថាមពលព្រះអាទិត្យនេះ ជាអំណោយសប្បុរសជន ដែលបានផ្តល់ជូនអាជ្ញាធរស្រុកដើម្បីបំពាក់នៅតាមដងផ្លូវសាធារណៈ និងនៅតាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីឲ្យងាយស្រួលក្នុងការធ្វើចរាចចេញចូល និងដើម្បីសុវត្តិភាពក្នុងការធ្វើដំណើរយប់។

លោកថា អំពូលសូឡាដែលបានបំពាក់នៅក្នុងឃុំទាំង៤នេះ សរុបជាង១០០០អំពូលហើយ តែអាជ្ញាធរនៅតែខិតខំបន្តទៀត ដើម្បីប្រជាពលរដ្ឋ ពីព្រោះប្រទេសជាតិយើងមានសន្តិភាព មានស្ថេរភាព មានការអភិវឌ្ឍមានសក្តានុពល ចំពោះតំបន់អេកូទេសចរណ៍ ក្នុងការទាក់ទាញភ្លៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកកម្សាន្ដផងដែរ។

លោកអភិបាលស្រុកក៏បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់មូលដ្ឋាន ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ចំពោះវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលជាប់ជានិច្ច (៣ការពារ និង៣កុំ) ចំពោះបរិបទកូវិដ១៩ និងធ្វើណែនាំដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យមានការប្រុងប្រយ័ត្នឲ្យខ្ពស់ពីព្រោះកូវីដ១៩ មិនទាន់សាបសូន្យទេ៕